(វ៉ាស៊ីនតោន)៖ ផ្កាយរណបមួយគ្រឿងរបស់រុស្ស៊ី ដែលត្រូវបានបាញ់បង្ហោះឡើងទៅកាន់គន្លងផែនដី កាលពីខែតុលាឆ្នាំមុននោះត្រូវសហរដ្ឋអាមេរិកអះអាងថា បាននិងកំពុងតែបង្ហាញសកម្មភាពចម្លែកៗ ដោយប្រការនេះកាន់តែបង្កើនភាពសង្ស័យទៀតថា វាអាចជាអាវុធអវកាសប្រភេទណាមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
បើតាមក្រុមមន្រ្តីរបស់អាមេរិក រុស្ស៊ីបានចាត់ទុកផ្កាយរណបខាងលើថា ជាឧបករណ៍សម្រាប់ត្រួតពិនិត្យក្នុងទីអវកាស ប៉ុន្តែសកម្មភាពរបស់វានៅឯគន្លងផែនដី បានបង្ហាញថា វាមើលទៅមានភាពខុសប្រក្រតីជាខ្លាំង និងមិនដូចទៅនឹងអ្វីដែលធ្លាប់ឃើញពីមុនមកឡើយ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោនក៏តែងតែបានលើកឡើងផងដែរថា ឥទ្ធិពលក្នុងទីអវកាសរបស់សហរដ្ឋអាមេរិកកំពុងស្ថិតក្រោមការគំរាមកំហែង ហើយខ្លួនត្រូវធ្វើការត្រៀមលក្ខណៈសម្រាប់សង្រ្គាមដែលផ្ទុះរីករាលដាលទៅដល់ទីអវកាស។
ជាការពិតណាស់ ដោយសារហេតុផលបែបនេះហើយ ទើបបានជំរុញឲ្យប្រធានាធិបតីលោក ដូណាល់ ត្រាំ សម្រេចបង្កើតកងអង្គភាពយោធាថ្មី ដែលហៅថា ទ័ពអវកាស។ ជាទូទៅមន្រ្តីអាមេរិក តែងចង្អុលទៅកាន់រុស្ស៊ី និងចិនថាជាគូសត្រូវដ៏សំខាន់ដែលទីក្រុងវ៉ាស៊ីនតោន ត្រូវធ្វើការតាមដានឲ្យបានដិតដល់បំផុត៕