(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា គំរោងធ្វើព្យុហយាត្រាយោធារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវចំណាយប្រាក់អស់ជាង ៩២លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
ក្រុមមន្ត្រីអាមេរិកនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន CNBC ក៏បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះទៀតថា ព្យុហយាត្រាយោធារបស់លោក ត្រាំ ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (Washington D.C) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០១៩។ ប៉ុន្តែ គំរោងចុងក្រោយនៃការរៀបចំព្យុហយាត្រាយោធា មិនទាន់ត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជីម ម៉ាត់ទីស (Jim Mattis) នៅឡើយទេ។
គួរបញ្ជាក់ថា ការបែកគំនិតស្នើឲ្យមានគំរោងធ្វើព្យុហយាត្រាយោធាដ៏ធំសម្បើម ដែលកម្រមានបំផុតនៅអាមេរិកនេះ ត្រូវបានប្រកាសដោយលោក ដូណាល់ ត្រាំ ក្រោយលោកបានចូលរួមក្នុងព្យុហយាត្រាយោធា នៅប្រទេសបារាំងកាលពីឆ្នាំ២០១៧ កន្លងទៅ ហើយកាលពីដំបូងគំរោងធ្វើព្យុហយាត្រានេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹង ត្រូវចំណាយប្រាក់អស់តែ ១២លានដុល្លារ ឬអាចក្រោម ៨០លានដុល្លារតែប៉ុណ្ណោះ៕