(វ៉ាស៊ីនតោន)៖ ក្រោយពីក្រសួងការបរទេសអាមេរិក បានប្រកាសបញ្ចប់កញ្ចប់ថវិកាប្រមាណ២៣០លានដុល្លារ ដែលគ្រោងប្រើសម្រាប់ជួយរក្សាស្ថិរភាពនិងអភិវឌ្ឍន៍ប្រទេសស៊ីរីឡើងវិញនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខទទូចឲ្យប្រទេសដទៃទៀត ដែលលោកហៅថាជាប្រទេសអ្នកមានៗ ឲ្យចេញថ្លៃបន្ទុកនេះវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨។
បើតាមសារបង្ហោះលើបណ្តាញ Twitter លោក ត្រាំ បានបញ្ជាក់ថា គម្រោងជំនួយ២៣០លានដុល្លាររបស់សហរដ្ឋអាមេរិកសម្រាប់ស៊ីរីនោះ ត្រូវបានបញ្ចប់ហើយ ដោយអារ៉ាប៊ីសាអូឌីត និងប្រទេសមានស្តុកស្តម្ភដទៃទៀត នៅតំបន់មជ្ឈិមបូព៌ា នឹងចាប់ផ្តើមទទួលបន្ទុករឿងនេះវិញ ជំនួសប្រទេសរបស់លោក។
គួរជម្រាបថា គម្រោងថវិកាជំនួយខាងលើ ត្រូវបានផ្តួចផ្តើមឡើងកាលពីខែកុម្ភៈឆ្នាំនេះ ដោយអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន ដែលត្រូវលោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែង ប៉ុន្តែលោក ត្រាំ ត្រូវគេរាយការណ៍ថា បានបញ្ជាឲ្យដាក់គម្រោងផ្តល់មូលនិធិនេះ នៅក្រោមការពិចារណាសិន៕