(វ៉ាស៊ីនតោន)៖ រដ្ឋអាជ្ញាសហព័ន្ធអាមេរិក ត្រូវបានគេរាយការណ៍ថាកំពុងស៊ើបអង្កេតលើប្រាក់កម្ចី ២០លានដុល្លារនៃអតីតមេធាវី ផ្ទាល់ខ្លួនម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Michael Cohen ដែលទទួលបានពីធនាគារចំនួនពីរនៅ ក្នុងទីក្រុងញូយ៉ក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

សារព័ត៌មាន New York Times ផ្អែកលើប្រភពស្និទនឹងបញ្ហានេះដែលខ្លួនទទួលបាន បានឱ្យដឹងថាប្រាក់កម្ចីខាងលើគឺជាប្រាក់ កម្ចីទទួលបានពីធនាគារ Sterling National Bank និង Melrose Credit Union។ មិនតែប៉ុណ្ណោះ ប្រភពដដែលក៏បានបញ្ជាក់ ដែរថាប្រាក់កម្ចី២០លានដុល្លារនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ក្រុមរដ្ឋអាជ្ញាអាមេរិកថាតើលោក Cohen មានជាប់ពាក់ ព័ន្ធនឹងការបន្លំពន្ធ ឬក៏ថាតើលោកបានចំណាយប្រាក់១៣០,០០០ដុល្លារ ដើម្បីបិទមាត់កុំឱ្យតារាអាសអាភាសអាមេរិកនាង Stormy Daniels បកអាក្រាតពីទំនាក់ទំនងផ្លូវភេទជាមួយលោក ដូណាល់ ត្រាំ ដែរឬទេ។

ប៉ុន្តែមកទល់នឹងពេលនេះ លោក Michael Cohen មិនទាន់ត្រូវបានគេចោទប្រកាន់ជាផ្លូវការណាមួយនៅឡើយទេ ហើយលោក Cohen ក៏មិនបានធ្វើការអត្ថាធិប្បាយណាមួយជុំវិញការចុះផ្សាយរបស់សារព័ត៌មាន New York Times ដែរ៕