(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកបានប្រើពេលតែបីខែប៉ុណ្ណោះ អាចឱ្យ កូរ៉េខាងជើងបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ផ្ទុយពីរដ្ឋាភិបាលអាមេរិកមុនៗដែលចំណាយពេល៣០ឆ្នាំ ហើយមិនបានផលអ្វីទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ ថ្លែងនាឱកាសនោះ លោក ដូណាល់ ត្រាំ បានកត់សម្គាល់ដូច្នេះថា៖ «ខ្ញុំបញ្ឈប់កូរ៉េខាងជើងពីការ ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ដោយធ្វើការងារជាមួយទីក្រុងព្យុងយ៉ាងត្រឹមតែបីខែប៉ុណ្ណោះ ផ្ទុយពីរដ្ឋាភិបាលអាមេរិកមុនៗ ដែលចំណាយពេលជាង៣០ឆ្នាំ តែមិនបានទទួលផលអ្វីទាល់តែសោះ»។ លើសពីនេះទៅទៀត លោក ត្រាំ បានបន្ថែមថាលោក ទំនាក់ទំនងផ្ទាល់ខ្លួនល្អជាមួយលោក គីម ជុងអ៊ុន។ «គាត់ចូលចិត្តខ្ញុំ ហើយខ្ញុំចូលចិត្តគាត់...ហើយឥលូវស្ថានភាពពិតជាស្ងប់ស្ងាត់ ព្រោះមិនមានការធ្វើតេស្ដមីស៊ីល ឬនុយក្លេអ៊ែរ»។ នេះបើតាមលោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ឆ្លើយតបនឹងសំណួរបស់ Reuters ជុំវិញជំនួបជាលើកទីពីរជាមួយលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បាននិយាយថាជំនួបនេះ អាចនឹងកើតឡើងទៅរួចនៅពេលវេលាសាកសមណាមួយ បន្ទាប់ពីលោក បានជួបជាមួយលោក គីម ក្នុង ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ៕