(អង់ការ៉ា)៖ អាជ្ញាធរតួកគីបានឲ្យដឹងថា ជនសង្ស័យជាបុរសចំនួនពីរនាក់ ដែលមានជាប់ពាក់ព័ន្ធនឹងករណីបាញ់រះលើស្ថានទូតអាមេរិកនៅឯរដ្ឋធានីអង់ការ៉ា កាលពីម្សិលមិញ ត្រូវចាប់ខ្លួនបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
ជនសង្ស័យទាំងពីរខាងលើ ដែលធ្លាប់បានប្រព្រឹត្តបទល្មើសនាពេលកន្លងមកនោះ ត្រូវអាជ្ញាធរចាប់ខ្លួនបាន ជាមួយអាវុធនិងរថយន្តដែលពួកគេបានប្រើប្រាស់ក្នុងការវាយប្រហារលើស្ថានទូតអាមេរិកកាលពីម្សិលមិញ ហើយជនទាំងពីរក៏បានសារភាពពីសកម្មភាពរបស់ខ្លួនផងដែរ។
គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គ្រាប់កាំភ្លើងយ៉ាងហោចណាស់០៤គ្រាប់ ត្រូវបានបាញ់ចេញពីរថយន្តពណ៌សមួយគ្រឿង នៅពីខាងមុខក្លោងទ្វារលេខ៦ របស់ស្ថានទូតអាមេរិក ប៉ុន្តែហេតុការណ៍នេះ ពុំបានបង្កឲ្យមាននរណាម្នាក់រងរបួសឡើយ។ ករណីនេះបានកើតមានឡើង នៅចំពោះមុខភាពតានតឹងកាន់តែខ្លាំង រវាងសម្ព័ន្ធមិត្តអង្គការ NATO ទាំងពីរ ជុំវិញការឃុំឃាំងអាចារ្យសាសនាគ្រឹស្តម្នាក់ នៅតួកគី៕