(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់​ម្នាក់មកពីក្រសួងការបរទេសចិន បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗ នេះ ទំនងជាដើម្បីពិភាក្សាពីការរៀបចំជំនួបកំពូលរវាងប្រធានាធិបតីចិន លោក​ ស៊ី ជិនពីង និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង នៅខែក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។

យ៉ុនហាប់ ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា មន្ត្រីជាន់ខ្ពស់ចិនខាងលើ ដែលបានបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងព្យុងយ៉ាង គឺមានតួនាទីជាជំនួយការរងរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។ បន្ថែមពីលើនេះ ព័ត៌មាននៃដំណើរ ទស្សនកិច្ចនេះទៀតសោត ត្រូវបានគេឱ្យដឹងបន្ទាប់ពីសារព័ត៌មានសិង្ហបុរី បានអះអាងថាលោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង តបតាមការអញ្ជើញពីលោក គីម មកចូលរួមខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង ដែលនឹង ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងការបរទេសចិន មិនបានទទួលស្គាល់ ហើយក៏មិនបានបដិសេធនឹងសេចក្ដីរាយការណ៍នេះ ដែរ ដោយគ្រាន់តែសង្កត់ធ្ងន់ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរប៉ុណ្ណោះ។ លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន បាន ជួបគ្នាបីលើករួចមកហើយ ក្នុងឆ្នាំ២០១៨នេះ៕