(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា យោធាអ៊ីរ៉ង់បានបញ្ចេញយន្ដហោះចម្បាំងថ្មីមួយគ្រឿង
របស់ខ្លួន ចំពេលដែលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក ជុំវិញជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានអ៊ីរ៉ង់ Tasnim យន្ដហោះចម្បាំងខាងលើ ដែលផលិតនៅក្នុងស្រុក មានឈ្មោះថា Kowsar មានសមត្ថភាព បំពាក់អាវុធទំនើបជាច្រើនប្រភេទ ហើយវានឹងត្រូវបានប្រើប្រាស់សម្រាប់គាំទ្របេសកកម្មដែនអាកាសរយៈចំងាយខ្លី។ សារព័ត៌មាន រដ្ឋមួយនេះ ក៏បានបង្ហាញពីរូបភាពហោះហើរបញ្ចេញសមត្ថភាពរបស់យន្ដហោះចម្បាំង Kowsar នេះដែរ នៅអំឡុងពិធីមួយក្នុង ទីក្រុងតេហេរ៉ង់ ក្រោមវត្ដមានរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រូហានី។
គួររំលឹកថា អ៊ីរ៉ង់ធ្លាប់បានបញ្ចេញយន្ដហោះចម្បាំងផលិតនៅក្នុងស្រុកដូចគ្នានេះដែរកាលពីឆ្នាំ២០១៣។ យន្ដហោះចម្បាំងនេះ មានឈ្មោះថា Qaher 313 ប៉ុន្តែនៅពេលនោះ អ្នកជំនាញមួយចំនួននៅតែមានការសង្ស័យលើភាពជោគជ័យ និងសមត្ថភាពរបស់ Qaher 313 នៅឡើយ៕