(ញូយ៉ក)៖ អគ្គលេខាអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានបង្ហាញពីបំណងចង់ឱ្យសំណុំរឿងរំសាយអាវុធ នុយក្លេអ៊ែរកូរ៉េខាងជើង ក្លាយជារបៀបវារៈសំខាន់នៃកិច្ចប្រជុំរបស់បណ្ដាមេដឹកនាំពិភពលោក ដែលនឹងត្រូវចូលរួមក្នុង

មហាសន្និបាត UN នៅខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។

លោក Guterres ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទ សប្ដាហ៍នេះ ហើយលោកផ្ទាល់ ក៏បានសម្ដែងការស្វាគមន៍ដល់ពិធីជួបជុំគ្រួសារកូរ៉េទាំងពីរ ដែលកំពុងប្រព្រឹត្តទៅលើទឹកដីកូរ៉េខាងជើង។ សេចក្ដីថ្លែងការណ៍ ដដែលបានបញ្ជាក់ថា លោក Guterres កំពុងស្វះស្វែងរកមធ្យោបាយថាតើធ្វើយ៉ាងណាទើបអាចយកបញ្ហារក្សាសន្តិភាព ជាអចិន្ត្រៃយ៍ សន្តិសុខ និងការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដាក់ជាជារបៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំមហាសន្និបាត UN។

គួរបញ្ជាក់ថា កិច្ចប្រជុំមហាសន្និបាត UN នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ជាទីដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ ត្រូវថ្លែង សុន្ទរកថាទៅកាន់មហាសន្និបាត៕​