(អាហ្វ្រិក)៖ សម្ព័ន្ធមិត្តចុងក្រោយនៅទ្វីបអាហ្វ្រិករបស់តៃវ៉ាន់ គឺប្រទេសស្វាស៊ីឡង់ ដែលទើបប្តូរឈ្មោះមកថា «អេស្វាទីនី» នោះ បានចេញមុខបញ្ជាក់ថា ខ្លួនពុំមានបំណងផ្លាស់ប្តូរទៅបង្កើតចំណងការទូត ជាមួយប្រទេសចិននោះឡើយ បន្ទាប់ពីមន្រ្តីចិនម្នាក់ បានបង្ហាញក្តីរំពឹងថា ប្រជាជាតិអាហ្រ្វិកនេះ នឹងបោះបង់តៃវ៉ាន់ចោលនាពេលឆាប់ៗជាក់ជាពុំខាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
តៃវ៉ាន់ ដែលត្រូវចិនចាត់ទុកត្រឹមជាខេត្តមួយនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប៉ុណ្ណោះនោះ បច្ចុប្បន្នមានទំនាក់ទំនងផ្លូវការជាមួយបណ្តាប្រទេសត្រឹម១៧ប៉ុណ្ណោះ ដោយភាគច្រើនគឺជាប្រជាជាតិតូចៗ និងមិនសូវអភិវឌ្ឍន៍ នៅឯតំបន់អាមេរិកកណ្តាលនិងប៉ាស៊ីហ្វិក។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ កោះតៃវ៉ាន់ ទើបតែបានបាត់បង់ប្រទេសអែលសាល់វ៉ាឌ័រ ក្នុងនាមជាសម្ព័ន្ធមិត្ត ដោយអែលសាល់វ៉ាឌ័រ គឺជាប្រទេសទីបីហើយ នៅក្នុងឆ្នាំនេះ ដែលបានដោះដៃពីតៃវ៉ាន់ ហើយងាកទៅចាប់ចិនវិញ។
គួរជម្រាបថា ជុំវិញរឿងនេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានប្តេជ្ញាថានឹងតស៊ូប្រឆាំងនឹងទង្វើដ៏ហួសហេតុរបស់ចិន ខណៈទីក្រុងប៉េកាំង បានលើកឡើងថា ពុំមាននរណាម្នាក់មានសិទ្ធិរិះគន់ចំណងការទូតរវាងចិននិងអែលសាល់វ៉ាឌ័រឡើយ៕