(ប៉េកាំង)៖ ក្រុមប្រឹក្សារដ្ឋនៃគណៈកម្មការពន្ធគយចិន បានឱ្យដឹងថាការដំឡើងពន្ធ១៦ពាន់លានដុល្លារលើផលិតផលនាំចូល ពីសហរដ្ឋអាមេរិកបានចូលជាធរមានហើយនៅថ្ងៃព្រហស្បតិ៍នេះ ជាការសងសឹកទៅនឹងការដំឡើងពន្ធដូចគ្នានេះពីសំណាក់ទីក្រុង វ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
ការតំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិកនេះ ដែលបានចូលជាធរមាននៅម៉ោង ១២៖០១នាទីថ្ងៃត្រង់ (ម៉ោងនៅ ទីក្រុងប៉េកាំង) នឹងត្រូវអនុវត្តលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក មានដូចជាឧបករណ៍អេឡិចត្រូនិច ប្លាស្ទិច ផលិតផលគីមី បរិក្ខាផ្លូវដែក រួមទាំងរថយន្ដ និងថាមពលជាដើម។ បន្ថែមពីលើនេះ ក្រសួងពាណិជ្ជកម្មចិនក៏បានសម្ដែងការជំទាស់យ៉ាងខ្លាំង ផងដែរចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ហើយថានឹងចាត់វិធានការចាំបាច់នានាដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច របស់ខ្លួន។
គួរបញ្ជាក់ថា ការដំឡើងពន្ធរបស់ចិនបានចូលជាធរមាន ក្រោយការដំឡើងពន្ធ១៦ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក បានចូល ធរមានដែរនៅម៉ោង១២៖០១នាទី ឈានចូលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ម្យ៉ាងវិញទៀត ការដំឡើងពន្ធនៅ ជុំទីពីរនេះរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានធ្វើឱ្យពន្ធដែលត្រូវដំឡើងដាក់គ្នាទៅវិញទៅមក កើនដល់១០០ពាន់លានដុល្លារ គិតចាប់តាំងពីដើមខែកក្កដាមក។ ការដំឡើងពន្ធ២៥ភាគរយ ឬស្មើនឹង១៦ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកនឹងត្រូវអនុវត្តលើ ផលិតផលចិនជិត២៨០មុខ ក្នុងនោះរួមមានផលិតផលគីមី បរិក្ខាកសិកម្ម និងម៉ូតូជាដើម៕