(ហាវ៉ៃ)៖ នាវាចម្បាំង នាវាមុជទឹក និងយន្តហោះចម្បាំងអាមេរិក ដែលឈរជើងនៅរដ្ឋហាវ៉ៃ ត្រូវបានបញ្ជាឲ្យផ្លាស់ទីចេញជាបន្ទាន់ ខណៈព្យុះកំណាចហឺរីខិនឈ្មោះថា «លេន (Lane)» កំពុងបោកបក់ឆ្ពោះមកកាន់កោះនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យបន្ទាយ Pearl Harbor-Hickam បានឲ្យដឹងថា នាវាចម្បាំងនិងនាវាមុជទឹកទាំងឡាយ ដែលមិនកំពុងស្ថិតក្រោមការជួសជុលទេនោះ បានចាប់ផ្តើមធ្វើដំណើរចាកចេញហើយ ខណៈព្យុះហឺរីខិន Lane កំពុងឆ្ពោះសំដៅមកហាវ៉ៃ។ ទន្ទឹមនឹងនេះយន្តហោះចម្បាំងរបស់ទ័ពអាកាសអាមេរិក ដែលជាទូទៅឈរជើងនៅឯព្រលាន Hickam Field នោះ កំពុងរៀបចំចាកចេញទីកាន់មូលដ្ឋានផ្សេងផងដែរ។
គួរជម្រាបថា ព្យុះហឺរិខិន Lane ដែលទើបកើនឡើងឥទ្ធិពលដល់កម្រិត Category-5 ដ៏ខ្លាំងក្លានោះ កំពុងត្រូវគេចាត់ទុកថាជាព្យុះធំបំផុត ដែលបោកបក់មករកកោះហាវ៉ៃ ក្នុងអំឡុងពេលប្រមាណ២៤ឆ្នាំកន្លងទៅនេះ ហើយវាត្រូវគេព្យាករណ៍ថា នឹងមកដល់ហាវ៉ៃនៅយប់ថ្ងៃសុក្ររហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ជាមួយល្បឿនខ្យល់យ៉ាងតិច២៤៩គីឡូម៉ែត្រក្នុងមួយម៉ោង៕