(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ ត្រូវគេមើលឃើញថា បានដឹងជាមុនរួចហើយថា ប្រទេសរបស់លោកនឹងជួបប្រទះវិបត្តិសេដ្ឋកិច្ច ប៉ុន្តែក្នុងនាមជាជនពូកែខាងវោហាសាស្រ្តនោះ លោកត្រូវការសត្រូវដែលនៅពីខាងក្រៅ សម្រាប់ទម្លាក់កំហុសទៅលើ ដើម្បីធ្វើជាលេស ដែលលោកអាចយកទៅបិទបាំងប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចដ៏ទន់ខ្សោយ ក៏ដូចជាលទ្ធផលនៃការដឹកនាំប្រទេសបែបផ្តាច់ការរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Turkish Minute នៅរសៀលថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
ចាប់តាំងពីឆ្នាំ២០១៥មក តម្លៃលុយលីរ៉ា (Lira) បានធ្លាក់ចុះបន្តិចម្តងៗធៀបនឹងលុយដុល្លារ ប៉ុន្តែលោកប្រធានាធិបតីតួកគី តែងតែបានទម្លាក់កំហុសទៅលើភាគីខាងក្រៅរហូត ហើយមកទល់ពេលនេះ ខណៈដែលតម្លៃលុយលីរ៉ា បានកើនដល់៦ទៅ៧លីរ៉ា ក្នុងមួយដុល្លារ លោក Erdogan បានលើកឡើងថា គឺវាបណ្តាលមកពីបញ្ហាអាចារ្យសាសនាគ្រឹស្តអាមេរិកម្នាក់ឈ្មោះ Andrew Brunson ដែលបានស្ថិតក្រោមការឃុំឃាំង នៅក្នុងប្រទេសតួកគី អស់រយៈពេលជិត០២ឆ្នាំមកហើយ ក្រោមបទចោទប្រកាន់ទាក់ទងនឹងអំពើភេរវកម្ម។
គួរជម្រាបថា ជុំវិញរឿងឃុំឃាំងនេះ សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មទៅលើរដ្ឋមន្រ្តីតួកគីពីររូប និងបានអះអាងថាទណ្ឌកម្មបន្តបន្ទាប់ទៀត នឹងត្រូវធ្វើឡើងប្រសិនបើ លោក Brunson ពុំបានត្រូវដោះលែងមែននោះ ហើយរដ្ឋាភិបាលអឺដូហ្គាន់ បានហៅទង្វើនេះថា ជាការវាយប្រហារមកសេដ្ឋកិច្ចរបស់តួកគី៕