(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបន្ទោសសហរដ្ឋអាមេរិក សម្រាប់ព្យាយាមរារាំងការធ្វើទំនើបកម្មយោធានិងសម្រាប់ការរិះគន់លើយុទ្ធនាការបង្រ្កាបគ្រឿងញៀន នៅក្នុងប្រទេសរបស់លោក ហើយនាពេលនេះលោក បានបញ្ជាក់ថានឹងមិនទិញយន្តហោះចម្បាំង F-16 ពីអាមេរិកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
លោក ឌូតឺតេ បានចាត់ទុកសំណើរបស់ប្រមុខការពារជាតិ ព្រមទាំងមន្រ្តីអាមេរិកកំពូលៗ ដែលចង់ឲ្យលោកទិញយន្តហោះចម្បាំង F-16 ថាជារឿងឥតប្រយោជន៍សុទ្ធសាធ ព្រោះថាប្រទេសរបស់លោក ត្រូវការយន្តហោះធុនស្រាលជាងនេះ ដើម្បីប្រយុទ្ធជាមួយក្រុមឧទ្ទាមបះបោរ។ ការលើកឡើងរបស់លោកប្រធានាធិបតីហ្វីលីពីនេះ គឺចង់សំដៅទៅលើលិខិតដែលលោកទទួលបាន ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ជែម ម៉ាទីស, រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុប៉េអូ, និងរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក វាលបឺ រូស។
បន្ថែមពីនេះ លោក ឌូតឺតេ បានលើកឡើងបែបចំអកយ៉ាងដូច្នេះថា «វាពិតជាពិបាកខ្លាំងណាស់ សម្រាប់ឲ្យអ្នកនិយាយថាពួកយើងគឺជាមិត្ត។ យើងគឺជាមិត្តនឹងគ្នាមែន ប៉ុន្តែចូរចាំថាយើងជាមិត្ត គឺដោយសារតែអ្នកបានដាក់យើងជាអាណានិគម កាលពីសម័យមុន។ វាមិនមែនជាចំណងមិត្តភាព ដែលបានព្រមព្រៀងគ្នាឡើយ»។
គួរជម្រាបថា នាពេលកន្លងមកនេះ ទីក្រុងវ៉ាស៊ីន បានបដិសេធមិនប្រគល់កាំភ្លើងប្រមាណ២៣,០០០ដើម មកឲ្យកម្លាំងប៉ូលិសហ្វីលីពីនឡើយ បន្ទាប់ពីមន្រ្តីអាមេរិកមួយចំនួន បានបង្ហាញក្តីព្រួយបារម្ភ ជុំវិញយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់របស់ទីក្រុងម៉ានីល។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានព្រមានរដ្ឋាភិបាលទីក្រុងម៉ានីល កុំឲ្យទិញបរិក្ខាយោធាទំនើបៗពីរុស្ស៊ីថែមទៀតផង៕