(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក មកពីបក្សសាធារណរដ្ឋ លោក John McCain បានទទួលមរណភាពហើយ ក្នុងវ័យ៨១ឆ្នាំ ក្រោយទទួលការព្យាបាលជំងឺដុះដំសាច់ក្នុងខួរក្បាលអស់រយៈជាយូរ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨។

ប៉ុន្តែបើគេនៅចាំមិនភ្លេចទេ កាលពីខែឧសភាកន្លងទៅ លោក McCain ធ្លាប់បានបង្ហើបពីគោលបំណងចុងក្រោយរបស់ខ្លួន នោះគឺ ថាលោកមិនចង់ឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលរួមក្នុងពិធីបុណ្យសពរបស់លោកឡើយ។ លោក ដូណាល់ ត្រាំ និងលោក McCain ដែលសុទ្ធតែជាអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋបានបង្ហាញពីការមិនពេញចិត្តដាក់គ្នា និងខ្វែង គំនិតគ្នាជាច្រើន។

ជាពិសេស នៅពេលដែលលោក ត្រាំ ត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៥ និងនៅក្រោយ ប្រធានាធិបតីអាមេរិកបច្ចុប្បន្នរូបនេះ និយាយថាជនអន្តោប្រវេសន៍មិចស៊ីកូមួយចំនួនគឺជាឧក្រិដ្ឋជន។ លោក McCain នៅពេល នោះ ក៏បានថ្កោលទោសយ៉ាងខ្លាំងលើលោកត្រាំផងដែរ ថាបានប្រើភាសាឆ្កួតលាលី។

ចំណែកឯ លោកត្រាំ វិញក៏មិនបានបង្អង់យូរដែរ ដោយលោកហៅលោក McCain ថាជាមនុស្សល្ងង់ដែលសឹងតែមិនអាចបញ្ចប់ ការសិក្សាពីបណ្ឌិតសភាកងទ័ពជើងទឹកអាមេរិក។ ចាប់ពីពេលនោះមក អ្នកទាំងពីរនៅតែបន្តខ្វែងគំនិតគ្នាជាបន្តបន្ទាប់ រហូតដល់ ប្រភពស្និទនឹងលោក McCain បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោកបានដាក់លោក ត្រាំ នៅក្នុងបញ្ជីខ្មៅដែលលោកផ្ទាល់ មិនចង់ឱ្យចូលរួមក្នុងពិធីបុណ្យសពរបស់លោក។

គួរបញ្ជាក់ថា លោក McCain បានទទួលមរណភាព នៅថ្ងៃអាទិត្យនេះ (ត្រូវនឹងថ្ងៃសៅរ៍ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក McCain ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺដុះដុំសាច់ក្នុងខួរក្បាលកាលពីឆ្នាំ២០១៧។ ដោយឡែក គ្រួសាររបស់លោកវិញ ក៏បានឱ្យដឹងផងដែរថា សមាជិកព្រឹទ្ធសភារូបនេះដែលបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន កាលពីខែធ្នូកន្លងទៅ បានសម្រេចបញ្ឈប់ការព្យាបាល កាលពីថ្ងៃសុក្រ៕