(រ៉ង់ហ្គូន)៖ ក្រុមហ៊ុន Facebook បានឱ្យដឹងថា ខ្លួនបានសម្រេចចិត្តលុបចោលគណនី Facebook និង Instagram របស់ក្រុមមន្ត្រីយោធាមីយ៉ាន់ម៉ាជាន់ខ្ពស់មួយចំនួន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត និងការស្អប់ខ្ពើម បន្ទាប់ពី ការត្រួតពិនិត្យឡើងវិញនូវខ្លឹមសារ ដែលមន្ត្រីយោធាទាំងនោះបានបង្ហោះនាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
ជុំវិញការសម្រេចចិត្តនេះដែរ អ្នកនាំពាក្យក្រុមហ៊ុន Facebook លោកស្រី រ៉ាក់ហ៊ីកា ប៊ូដរ៉ាចា (Ruchika Budhraja) បានអះអាងថា នេះគឺជាការហាម ឃាត់ជាលើកដំបូងបំផុតលើមេដឹកនាំមន្ត្រីយោធា ឬអ្នកនយោបាយនៅក្នុងប្រទេសមួយ។ បន្ថែមពីលើនេះលោកស្រី Budhraja បានបញ្ជាក់ទៀតថា Facebook ក៏បានលុបចោលគណនីជាច្រើនផ្សេងទៀតផងដែរ ដែលត្រូវបានប្រើប្រាស់ក្រោមរូបភាពព័ត៌មានឯករាជ្យ និងការបញ្ចេញមតិ ដើម្បីបង្ហោះបន្តនូវសារទាំងឡាយរបស់យោធាមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook បានលុបចោលគណនីសរុបចំនួន ១៨, Instagram មួយ និង Facebook Page ចំនួន ៥២ ដែលមានអ្នក Follow ជិត ១២លាននាក់។ មិនតែប៉ុណ្ណោះក្នុងចំណោមគណនីទាំងនេះ ក៏មានទាំងគណនី Facebook របស់
ប្រមុខយោធាមីយ៉ាន់ម៉ា លោក មីនអ៊ុង ហ្លេង (Min Aung Hlaing) ផងដែរ។
ម្យ៉ាងវិញទៀត ការលុបចោលនេះទៀតសោត ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយអង្គការសហប្រជាជាតិបានចោទប្រកាន់ថា ប្រមុខយោធាមីយ៉ាន់ម៉ារូបនេះ និងមន្ត្រីយោធាមួយចំនួនទៀត គឺជាអ្នកទទួលខុសត្រូវលើការកាប់សម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា និងគួរតែត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕