(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី ទើបតែទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើប S-400 ទ្រីមភ៍ (Triupmh) មួយកងពលថ្មីបន្ថែមទៀតនៅមុនពេលកំណត់ ពីសំណាក់ក្រុមហ៊ុនផលិតសព្វាវុធ អាល់ម៉ាស អាន់ថេយ (Almaz-Antey) របស់ប្រទេសរុស្ស៊ីផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
ពីធីប្រគល់សព្វាវុធខាងលើនេះ ត្រូវបានធ្វើឡើងនៅមូលដ្ឋានហ្វឹកហាត់ កាភុតទីនយ៉ា (Kaputstin Yar) ក្នុងតំបន់ អាស្ត្រាខាន់ (Astrakhan) ភាគខាងត្បូងប្រទេសរុស្ស៊ី។ ប្រព័ន្ធមីស៊ីល S-400 ដែលជាស្នាដៃរចនា និងផលិតរបស់ក្រុមហ៊ុន Almaz-Antey ត្រូវគេចាត់ទុកថា ជាប្រភេទប្រព័ន្ធការពារអាកាសដ៏ទំនើបបំផុតរបស់រុស្ស៊ី ដែលមានសមត្ថភាពកម្ទេចគោលដៅ នៅរយៈចម្ងាយរហូតដល់៤០០គីឡូម៉ែត្រ និងរយៈកម្ពស់ដល់ ៣០គីឡូម៉ែត្រ បានយ៉ាងងាយ។
គួរជម្រាបថា ប្រព័ន្ធមីស៊ីល S-400 ដែលក្នុងមួយឈុតមានតម្លៃប្រមាណ ៤០០លានដុល្លារនេះ ក៏ត្រូវបានរុស្ស៊ីដាក់ពង្រាយដើម្បីការពារមូលដ្ឋានទ័ពអាកាសរបស់ខ្លួន នៅក្នុងប្រទេសស៊ីរីផងដែរ៕