(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) នឹងបំពេញដំណើរទស្សនៈកិច្ចផ្លូវការ ទៅកាន់ប្រទេសចំនួន ០៣ នៅទ្វីបអាហ្វ្រិក នាសប្តាហ៍នេះ ក្នុងគោលបំណងដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ក្រោយពីចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន RT បានចុះផ្សាយឲ្យដឹង នាព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហានេះ។
វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី ទៅកាន់ទ្វីបអាហ្វ្រិក ចាប់តាំងពីលោកស្រី បានក្លាយជាមេដឹកនាំអង់គ្លេសនៅក្នុងឆ្នាំ២០១៦។
លោកស្រី May ដែលមានការអមដំណើរដោយរដ្ឋមន្ត្រីជាច្រើនរូប និងអ្នកតំណាងអាជីវកម្មចំនួន ២៩រូប មកពីផ្នែកផ្សេងៗក្នុងវិស័យឧស្សាហកម្ម នឹងធ្វើដំណើរទៅកាន់ ប្រទេសអាហ្វ្រិកខាងត្បូង, នីហ្សេរីយ៉ា និងកេនយ៉ា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ០៣ថ្ងៃ។
លោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសដំបូងគេ ដែលបានបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកេនយ៉ា ចាប់តាំងពី លោកស្រីអតីតនាយករដ្ឋមន្ត្រី ម៉ាហ្គារ៉េត ថាតឆឺ (Margaret Thatcher) បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយនេះ កាលពីឆ្នាំ១៩៨៨។
លោកស្រី May បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខណៈយើងរៀបចំ ចាកចេញពីសហភាពអឺរ៉ុប ឥឡូវគឺជាពេលវេលាសម្រាប់ចក្រភពអង់គ្លេស ក្នុងការពង្រីក និងពង្រឹងទំនាក់ទំនង ក្នុងភាពជាដៃគូជាសកលរបស់ខ្លួន»។
គួរជម្រាបថា សារព័ត៌មានខាងលើ មិនបានចេញផ្សាយឲ្យបានច្បាស់លាស់ នូវថ្ងៃនៃការធ្វើដំណើរទស្សនកិច្ច របស់លោកស្រីនាយករដ្ឋមន្ត្រីនោះទេ គ្រាន់តែប្រាប់ឲ្យដឹងថា នៅក្នុងសប្តាហ៍នេះតែម្តង៕