(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកប្រហែលជាមិនមែនកំពុងចរចាជាមួយកូរ៉េខាងជើង ដោយមានឆន្ទៈពិតប្រាកដនោះទេ បន្ទាប់ពីលោក ដូណាល់ ត្រាំ បញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ លុបចោលដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដែល គ្រោងនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ។ នេះបើតាមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយម្នាក់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យលោក ប៉ុមបេអូ លុបចោលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយអះអាងថា ទីក្រុងព្យុងយ៉ាងមិនបានបំពេញគ្រប់គ្រាន់នូវ ដែលខ្លួនបានសន្យានៅក្នុងជំនួបកំពូលរវាងលោក និងលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅនោះឡើយ។
ក៏ប៉ុន្តែការលើកឡើងរបស់លោក ត្រាំ ខាងលើនេះគឺផ្ទុយទាំងស្រុងនឹង អ្វីដែលលោកធ្លាប់បានអះអាងថា កូរ៉េខាងជើងកំពុងដើរលើផ្លូវត្រូវក្នុងការរំសាយអាវុធនុយក្លអ៊ែរ ហើយមិនតែប៉ុណ្ណោះលោកក៏ធ្លាប់ ទំាងអួតអាងទៀតថា ប្រើពេលតែបីខែប៉ុណ្ណោះ អាចដោះស្រាយជាមួយកូរ៉េខាងជើង ផ្ទុយពីប្រធានាធិបតីអាមេរិកមុនៗ ដែល ចំណាយពេលដោះស្រាយជាមួយទីក្រុងព្យុងយ៉ាងជាង ៣០ឆ្នាំ តែមិនបានលទ្ធផលអ្វីទាល់តែសោះ។
យ៉ាងណាក៏ដោយ ការសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចរបស់លោក ប៉ុមប៉េអូ ត្រូវបានកូរ៉េខាងជើងរិះគន់យ៉ាងខ្លាំង ជាមួយនិងការចោទប្រកាន់ថា សហរដ្ឋអាមេរិក បានក្បត់ទីក្រុងព្យុងយ៉ាង ដោយលួចលាក់ធ្វើសមយុទ្ធយោធាផ្លូវអាកាសជាមួយជប៉ុន ខណៈកូរ៉េខាងត្បូងបានត្រឹមបង្ហាញការសោកស្ដាយ។
ជុំវិញបញ្ហានេះទៀតដែរ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកស្រី គ្រីស្ទាន ហុង (Christine Hong) បានប្រាប់សារព័ត៌មាន Sputnik ថា សហរដ្ឋអាមេរិក ប្រហែលជាមិនមែនកំពុងចរចាជាមួយកូរ៉េខាងជើង ដោយមានឆន្ទៈពិតប្រាកដនោះទេ ពោលគឺសហរដ្ឋអាមេរិក នៅតែរក្សាមហិច្ឆតាប្រើប្រាស់ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដើម្បីពង្រីក និងរក្សាឥទ្ធិពលយោធារបស់ខ្លួននៅក្នុងតំបន់ ក៏ដូចជាដើម្បីប្រើវាជាលេសដាក់ទណ្ឌកម្ម ឬសម្ពាធលើចិន និងរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច នៅពេលដែលពួកគេរកឃើញថា ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ គាំទ្រកូរ៉េខាងជើងក្នុងទម្រង់ណាមួយ ដែលផ្ទុយនឹងទណ្ឌកម្មអន្តរជាតិ។
លោកស្រី Hong បានលើកឧទាហរណ៍ទៀតថា រឿងបែបនេះក៏ធ្លាប់បានកើតឡើងនៅអំឡុងសម័យ ដែលសហរដ្ឋអាមេរិកស្ថិត នៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែលយូ ប៊ូស។ លោក ប៊ូស នៅពេលនោះហាក់ដូចជា បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងដូចលោក ត្រាំ នាពេលបច្ចុប្បន្ននេះដែរ។
ប៉ុន្តែនៅទីបញ្ចប់ភាពតានតឹងនៅតែផ្ទុះឡើងវិញជាថ្មី ហើយលើសពីនេះទៅទៀត លោក ប៊ូស ថែមទាំងបានប្រឆាំងនឹងគោលនយោបាយព្រះអាទិត្យរះ (Sunshine Policy) ដែលបានព្រមព្រៀងគ្នាឡើងដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេជុង និងអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល (ឪពុកលោក គីម ជុងអ៊ុន) នៅឆ្នាំ១៩៩៨ ផងដែរ។
គួរបញ្ជាក់ថា បើតាមលោកស្រី Christine Hong ស្ថានភាពនៅលើឧបទ្វីបកូរ៉េ អាចប្រែប្រួលគ្រប់ពេលវេលា អាស្រ័យទៅលើ ស្ថានភាពនៃទំនាក់រវាងសហរដ្ឋអាមេរិក និងចិន។ ស្ថានភាពនៅលើឧបទ្វីបកូរ៉េ បានជួបភាពស្ងប់ស្ងាត់អស់រយៈពេលជាង ២០០ ថ្ងៃមកហើយ ក្រោយទីក្រុងព្យុងយ៉ាងផ្អាកធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល តាមអ្វីដែលបានសន្យានៅក្នុងជំនួបជាមួយលោក មូន ជែអ៊ីន និងលោក ដូណាល់ ត្រាំ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ភាពតានតឹងបានផ្ទុះឡើងជាបន្តបន្ទាប់រវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើងក្រោយមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា កូរ៉េខាងជើងនៅតែបន្តលួចលាក់ អភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលនៅឡើយ៕