(បាងកក)៖ ប៉ូលិសថៃ បានរឹបអូសកញ្ឆាបានជាង៤០០គីឡូក្រាម ពីខេត្ត Songkla ភាគខាងត្បូងប្រទេសថៃ នៅថ្ងៃពុធនេះ, នេះបើយោងតាមសារព័ត៌មាន ស៊ិនហួ ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៩ ខែសីហានេះ។
ក្រុមប៉ូលិសបង្រ្កាបគ្រឿងញៀន បានលបឆ្មក់ចូលទៅក្នុងទីតាំងលក់គ្រឿងសង្ហារឹម ដែលគេបោះបង់ចោលមួយកន្លែង ហើយបានរកឃើញកញ្ឆា ដែលគេបានលាក់ទុកនៅទីនោះ នាព្រឹកថ្ងៃពុធនេះ។ ព្រមជាមួយគ្នានោះជនសង្ស័យ២នាក់ ត្រូវបានចាប់ និងឃុំខ្លួនផងដែរ។
កញ្ឆា ដែលរឹបអូសបាននេះមានតម្លៃ៤លានបាត (ប្រមាណ១២០,០០០ដុល្លារអាមេរិក) នឹងត្រូវគេចែកចាយទៅកាន់ខេត្តជាប់ព្រំដែនចំនួន៣ នៅចុងភាគខាងត្បូង នៃប្រទេសថៃ។
ការជួញដូរ និងរត់ពន្ធគ្រឿងញៀន មានច្រើនហួសប្រមាណ នៅតំបន់ព្រំដែនថៃ-ម៉ាឡេស៊ី។ ប្រទេសទាំងពីរ បាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់សកម្មភាព រត់ពន្ធគ្រឿងញៀនឆ្លងព្រំដែន៕