(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសើរពីទំនាក់ទំនងដ៏ល្អជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយបញ្ជាក់ទៀតថា មិនមានហេតុផលណាមួយក្នុងការធ្វើសមយុទ្ធយោធាឡើងវិញ ជាមួយកូរ៉េខាងត្បូងនោះទេ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់លោក ត្រាំ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកផ្ទាល់បានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង និងនៅក្រោយពេលលោក ចេមស៍ ម៉ាត់ទីស (James Mattis) រដ្ឋមន្ត្រីការពារជាតិអាមេរិកអះអាងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនឹងដំណើរការឡើងវិញ នូវការធ្វើសមយុទ្ធយោធារវាងប្រទេសទាំងពីរ ដែលពិតណាស់គឺជាការដុតកម្តៅកូរ៉េខាងជើង។
សេតវិមានបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ ជឿជាក់លើទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អជាមួយលោក គីម ជុងអ៊ុន ហើយលោកយល់ថា មិនមានហេតុផលណាមួយ ក្នុងការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ក្នុងពេលនេះឡើយ...ប៉ុន្តែបើលោកចង់ សមយុទ្ធយោធាអាចនឹងត្រូវធ្វើឡើងគ្រប់ពេលវេលា»។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោក ដូណាល់ ត្រាំ ក៏បានបន្ទោសទីក្រុងប៉េកាំងជាថ្មីផងដែរថា មិនបានជួយសហរដ្ឋអាមេរិកនោះទេ តែបែរជានៅតែលួចផ្ដល់ជំនួយក្នុងនោះមានទាំង លុយ ប្រេងឥន្ធនៈ និងជំនួយដទៃៗទៀតឱ្យទីក្រុងព្យុងយ៉ាង ដែលទង្វើទាំងនេះហើយជាមូលហេតុបណ្ដាលឱ្យប៉ះពាល់ដល់ភាពជឿនលឿនក្នុងការរំសាយអាវុធនុយក្លេអ៊ែរ៕