(វ៉ាស៊ីនតោន)៖ មេបញ្ជាការថ្មីប្រចាំទីបញ្ជាការអាមេរិក នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) លោក ហ្វីលីព ដាវីដសុន (Philip S. Davidson) បាន ទទួលស្គាល់ថា បច្ចុប្បន្នចិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូង ហើយសិនជាជម្លោះផ្ទុះឡើងមែន នោះសហរដ្ឋអាមេរិកក៏មិនអាចធានាបានថា អាចយកឈ្នះចិនបានដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
លោក Davidson ធ្វើការអះអាងបែបនេះ នៅក្នុងកំណត់ហេតុមួយដាក់ជូនព្រឹទ្ធសភាអាមេរិក កាលពីខែមីនាកន្លងទៅ។ លោក បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនយ៉ាងសម្បើម តាមរយៈការផលិត នាវាផ្ទុកយន្ដហោះចម្បាំងដោយផ្ទាល់ដៃរបស់ខ្លួន រួមទាំងនាវាមុជទឹក មីស៊ីល និងប្រព័ន្ធរ៉ាដា ដែលសុទ្ធតែមានបច្ចេកវិទ្យាខ្ពស់អាច ប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកបាន។
លើសពីនេះទៅទៀត លោក Davidson ក៏បានទទួលស្គាល់ដែរថា ចិនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបើជម្លោះនេះផ្ទុះឡើងមែន សហរដ្ឋអាមេរិកក៏មិនប្រាកដថា អាចយកឈ្នះលើទីក្រុងប៉េកាំងដែរ។ មេបញ្ជាការថ្មីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្នចិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូង នៅគ្រប់សេណារីយ៉ូ សង្រ្គាមទាំងអស់ជាមួយសហរដ្ឋអាមេរិក... ហើយម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកក៏មិនអាចធានាបាន ១០០ភាគរយដែរថា អាចយកជ័យជម្នះលើចិន នៅក្នុងជម្លោះណាមួយនៅពេលអនាគតជាមួយចិន»។
គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ សារព័ត៌មាន South China Morning Post ធ្លាប់បានចុះផ្សាយថា ទីក្រុងប៉េកាំងកំពុងអភិវឌ្ឍន៍នាវាមុជទឹកគ្មានមនុស្សបើក ដែលអាចបំពាក់ទៅដោយប្រព័ន្ធស៊ើបការណ៍សំងាត់ ដែលមានសមត្ថភាពខ្ពស់ក្នុងតាមដានរាល់ សកម្មភាពនៅតំបន់សមុទ្រ៕