(តៃប៉ិ)៖ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់ជាតិអាមេរិក លោក ឌែននីស ប៊ែរ (Dennis Blair) បានធ្វើការកត់សម្គាល់ថា បើសិនជានាវាផ្ទុកយន្ដហោះចម្បាំងចិន លាវនីង (Liaoning) ធ្វើដំណើរមកក្បែរកោះតៃវ៉ាន់ មេដឹកនាំទីក្រុងតៃប៉ិគួរតែពិចារណាធ្វើការឆ្លើយតប តាមរយៈការដឹកនាំការវាយប្រហារព្រមានលើនាវាចម្បាំងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងអត្ថបទមួយផ្ញើជូន មូលធិនិអាមេរិកសម្រាប់សន្តិភាព សាសាកាវ៉ា (Sasakawa) កាលពីថ្ងៃទី២២ ខែសីហា លោក Dennis Blair បានលើកឡើងយ៉ាងដូច្នេះថា «បើសិនជានាវាផ្ទុកយន្ដហោះចម្បាំងចិន Liaoning ធ្វើដំណើរមកក្បែរកោះតៃវ៉ាន់ កងកម្លាំងតៃវ៉ាន់គួរតែចេះទាញយកប្រយោជន៍ តាមរយៈការដឹកនាំការវាយប្រហារជាការព្រមានប្រឆាំងនឹង Liaoning ដើម្បីបង្ហាញពីការត្រៀមលក្ខណៈរបស់ខ្លួន និងការពិតថា Liaoning គឺងាយនឹងរងគ្រោះនៅក្រោមលក្ខខណ្ឌនៃសង្រ្គាម»។
ដោយឡែកជុំវិញការលើកឡើងនេះដែរ អ្នកជំនាញខ្លះយល់ថា ការវាយប្រហារបែបព្រមានរបស់កោះតៃវ៉ាន់ គឺគ្រាន់តែជាការសម្ញែង សាច់ដុំដាក់ចិនកុំឱ្យធ្វើអ្វីផ្ដេសផ្ដាសតែប៉ុណ្ណោះ ដ្បិតបើតៃវ៉ាន់នៅស្ងៀម ចិននៅតែបន្តគំរាមកំហែង និងបញ្ជូននាវាចម្បាំងមកក្បែរកោះតៃវ៉ាន់។ មួយវិញទៀតការធ្វើបែបនេះអាចបង្ហាញប្រាប់ចិនថា តៃវ៉ាន់បានត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមមុខជាមួយទីក្រុងប៉េកាំង ខណៈគេជឿជាក់ចិននឹងមិនហ៊ានវាយប្រហារលើកោះតៃវ៉ាន់ ក្នុងអនាគតដ៏ខ្លីនោះទេ ពីព្រោះចិនដឹងថា សហរដ្ឋអាមេរិកនឹងមិនឈរឱបដៃមើលឡើយ។
គួរបញ្ជាក់ថា លោក Dennis Blair គឺជាអតីតនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់ជាតិអាមេរិកក្រោមរដ្ឋបាលនៃ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា។ លោក បានកាន់តំណែងនេះពីខែមករា ឆ្នាំ២០០៩ រហូតដល់ខែឧសភា ឆ្នាំ២០១០ នៅពេលដែលលាលែងពីតំណែង៕