(ម៉ូស្គូ)៖ ជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក រ៉េនដល ស្គ្រីវើ (Randall Schriver) បានឱ្យដឹងថា សហរដ្ឋអាមេរិកពិតជាការព្រួយបារម្ភ ចំពោះគំរោងរបស់ឥណ្ឌាក្នុងការទិញអាវុធពីរុស្ស៊ី ជាពិសេសគឺប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ហើយថា បើសិនជាទីក្រុងញូដេលីហ៊ានទិញប្រព័ន្ធមីស៊ីលនេះមែន នោះទីក្រុងវ៉ាស៊ីនតោននឹងពិចារណាដាក់ទណ្ឌកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក Randall Schriver ធ្វើឡើងនៅក្នុងវេទិការស្ដីពីសន្តិភាពអន្តរជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោននៅសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះលោក Schriver បានលើកឡើងដូច្នេះថា «ខ្ញុំមិនអាចប្រាប់អ្នកបានឡើយថា ពួកគេ (ឥណ្ឌា) នឹងរួចផុតពីការដាក់ទណ្ឌកម្ម... ហើយលោកប្រធានាធិបតី គឺជាអ្នកសម្រេចចិត្តថា ត្រូវ ឬក៏មិនត្រូវដាក់ទណ្ឌកម្ម បើសិនជាឥណ្ឌាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទិញ S-400 ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិន ដ្រាម៉ូឌី និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែតុលា ឆ្នាំ២០១៦។ ប៉ុន្តែបន្ទាប់មក សហរដ្ឋអាមេរិកបានបង្កើតច្បាប់ថ្មីមួយ ដែលមានចេតនាដាក់ទណ្ឌកម្ម លើបណ្ដាប្រទេសទំាងឡយណា ដែលទិញអាវុធពីសត្រូវរបស់អាមេរិក ក្នុងនោះមានទាំងរុស្ស៊ី ខណៈតួកគីក៏កំពុងរងការព្រមានពីទីក្រុងវ៉ាស៊ីនតោនផងដែរ ជុំវិញគំរោងទិញ S-400៕