(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានបង្ហាញក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅថា វាយប្រហារយោធាទ្រង់ទ្រាយនៅក្នុងខេត្ត Idlib នៃប្រទេសស៊ីរីអាចនឹងបង្កឲ្យមានគ្រោះមហន្តរាយមនុស្សជាតិ ហើយលោកបានទទូចឲ្យភាគីទាំងអស់ ជួយគ្នាថែរក្សាតំបន់កាត់បន្ថយភាពតានតឹង តែមួយចុងក្រោយនេះនៅស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យរបស់លោក Guterres បានឲ្យដឹងថា ប្រមុខដឹកនាំស្ថាប័ន UN មានក្តីកង្វល់យ៉ាងខ្លាំងក្រៃលែង អំពីការកើនឡើងហានិភ័យនៃគ្រោះមហន្តរាយមនុស្សជាតិ នៅក្នុងការផ្ទុះប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅខេត្ត Idlib របស់ស៊ីរី ហើយលោក Guterres ជាថ្មីម្តងទៀតបានសង្កត់ធ្ងន់ថា រាល់ការប្រើប្រាស់អាវុធគីមី គឺមិនអាចទទួលយកបានជាដាច់ខាត។ បន្ថែមពីនេះលោក Guterres បានអំពាវនាវឲ្យរដ្ឋាភិបាលស៊ីរី និងគ្រប់ភាគីពាក់ព័ន្ធទាំងឡាយមានការអត់ធ្មត់ និងផ្តល់អាទិភាពចម្បងចំពោះកិច្ចការពារជនស៊ីវិល។
គួរជម្រាបថា សេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងក្រោយពីមានសេចក្តីរាយការណ៍ព័ត៌មាន នាពេលកន្លងមកនេះ អំពីគម្រោងវាយប្រហារដោយអាវុធគីមី ដែលត្រូវគេចោទប្រកាន់ថា ត្រៀមធ្វើឡើងដោយរដ្ឋាភិបាលស៊ីរី ដើម្បីបង្កឲ្យមានការឆ្លើយតបផ្នែកយោធា ពីសំណាក់សម្ព័ន្ធមិត្តចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ដែលធ្លាប់បានវាយប្រហារទៅលើស៊ីរី កាលពីលើកមុន ដោយសារតែការសង្ស័យជុំវិញការប្រើប្រាស់អាវុធគីមី៕