(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងប្រធានសេនាធិការយោធាលោក ជឹង គ្យុងឌូ (Jeong Kyeong-doo) ជារដ្ឋមន្ត្រីការពារជាតិថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
លោក Jeong Kyeong-doo មានអាយុ ៥៨ឆ្នាំ ជាអតីតអ្នកបើកយន្ដហោះចម្បាំងម្នាក់ នឹងត្រូវដឹកនាំក្រសួងការពារជាតិកូរ៉េខាងត្បូង ខណៈរដ្ឋាភិបាលលោក មូន ជែអ៊ីន កំពុងស្វះស្វែងបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង និងចំពេលដែលទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។
លោក Jeong ដែលនឹងត្រូវឡើងកាន់តំណែងជំនួសរដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន លោក សុង យាំងមូ (Song Young-moo) មិនចាំបាច់ត្រូវការការអនុម័តពីសភានោះឡើយ ប៉ុន្តែលោកត្រូវចូលរួមឆ្លើយសំណួរ របសបស់ក្រុមតំណាងរាស្ត្រនានាជាមុនសិន។
គួរបញ្ជាក់ថា លោក Jeong Kyeong-doo នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ដំបូងគេបំផុតដែលមកពីកងទ័ពអាកាស ក្នុងរយៈពេល ២៤ឆ្នាំមកនេះ៕