(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកគ្មានសិទ្ធិរិះគន់ លើគោលនយោបាយជនជាតិដើមភាគតិចរបស់ចិនឡើយ បន្ទាប់ពីតំណាងរាស្ត្រអាមេរិក អំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន សម្រាប់ការ ទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សប្រឆាំងមូស្លីម នៅក្នុងតំបន់ ស៊ីនជាំង (Xinjiang)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
លោកស្រី ហួ ជនយីង (Hua Chunying) អ្នកនាំពាក្យក្រសួងបរទេសចិន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសនិ្នសីទព័ត៌មានដ៏ខ្លីមួយប្រចាំខែ ក្នុងទីក្រុងប៉េកាំង។ ប្រតិកម្មរបស់ក្រសួងការបរទេសចិន ធ្វើឡើងជាការឆ្លើយតបទៅនឹងក្រុមតំណាងរាស្ត្រអាមេរិកដែលបានជម្រុញ ឱ្យប្រធានាធិបតីលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន ដែលមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងសហគមន៍មូស្លីមនៅក្នុងតំបន់ Xinjiang។
ក៏ប៉ុន្តែរដ្ឋាភិបាលចិន បានច្រានចោលរាល់ការចោទប្រកាន់ដោយអះអាងថា ការរឹតបន្តឹងសន្តិសុខនៅក្នុងតំបន់ Xinjiang គឺជារឿងចាំបាច់ត្រូវតែធ្វើ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអ្នកជ្រុលនិយម និងពួកភេរវករតែប៉ុណ្ណោះ មិនមានគោលដៅ លើសហគមន៍ជនជាតិដើមភាគតិចណាមួយឡើយ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍នៃក្រុមស៊ើបអង្កេតសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ចិនបានចាប់បង្ខាំងជនជាតិដើមភាគតិច អ៊ុយហ្គឺ (Uighur) ដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមជាង ០១លាននាក់ នៅក្នុងមូលដ្ឋានលត់ដុំជាច្រើនកន្លែងក្នុងតំបន់ Xinjiang។ សម្រាប់របាយការណ៍នេះ ត្រូវបានទីក្រុងប៉េកាំងច្រានចោលភ្លាមៗដោយអះអាងថា ពុំមែនជាការពិតនោះឡើយ៕