(បាងកក)៖ តុលាការនៅប្រទេសថៃ​បានចេញដីកាចាប់ខ្លួន​ម្ចាស់វែបសាយ និងអ្នក​ប្រើប្រាស់អ៊ីនធើណែត​ជាច្រើននាក់ ដែលបានចែក​ចាយ​បន្តនូវព័ត៌មាន​ប្រឌិត អំពីនារីជនជាតិ​អង់គ្លេសម្នាក់ ដែលត្រូវបានគេរំលោភ​នៅលើកោះទេសចរណ៍​មួយកន្លែង ក្នុងប្រទេស​អាស៊ាន​មួយនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

ប៉ូលិសថៃ​ទើបទទួលបាន​ដីកា​ចាប់ខ្លួនខាងលើ ពីតុលាការខេត្ត ស៊ូរ៉ាត់ ថានី (Surat Thani) ក្រោយការកើតមាន​បទ​ល្មើសខាងលើ ដែលត្រូវគេរាយ​ការណ៍​ថា បានប្រព្រឹត្តទៅ​កាលពី​ខែមិថុនា នៅកោះតៅ​ភាគខាងត្បូង​ប្រទេសថៃ ហើយដីកា​ចាប់ខ្លួននេះ គឺសម្រាប់ម្ចាស់​វែបសាយ​​ CSI LA ដែលមាន​ឈ្មោះថា ក្រាក់មុខ អាណាន់តាស៊ីល (Prakmuk Anantasilp) រួមជាមួយ​បុគ្គលជា​ច្រើននាក់​ទៀត ដែលបានព្យាយាមចែកចាយ​បន្ត នូវព័ត៌មាន​ប្រឌិតនេះ​តាមអនឡាញ។

គួរជម្រាបថា វែបសាយ CSI LA បានចុះផ្សាយ​អំពីរឿងក្តីរំលោភ​ផ្លូវភេទទៅលើ នារីជនជាតិអង់​គ្លេសវ័យ ១៩ឆ្នាំម្នាក់ មាន​ឈ្មោះថា អ៊ីសាបែលឡេ (Isabelle) ដោយប៉ូលិសថៃ​បានរកឃើញថា តាមពិតជារឿង​ព័ត៌មានប្រឌិត ទើបឈានដល់​ឲ្យមានការចេញដីកា​ចាប់ខ្លួន​ម្ចាស់វែបសាយ ព្រមទាំងអ្នក​ចែកចាយបន្ត​តែម្តង។

អាជ្ញាធរថៃ​បានលើកឡើងថា​ ការក៏បង្កើតក៏ដូចជា​ផ្សព្វផ្សាយរឿងប្រឌិត​បែបនេះ បានធ្វើឲ្យខូចមុខមាត់​​នៃវិស័យទេសចរណ៍ថៃ និង​ប៉ះពាល់ដល់​សន្តិសុខជាតិ សុវត្ថិភាព​សាធារណៈ និងស្ថិរភាព​សេដ្ឋកិច្ច​របស់ប្រទេសថៃ​ជាខ្លាំង៕