(វ៉ាស៊ីនតោន)៖ តម្លៃទីផ្សាររបស់ក្រុមហ៊ុន Amazon បានឈានដល់១លានលានដុល្លារអាមេរិកហើយ នៅថ្ងៃអង្គារនេះ បានធ្វើឲ្យក្រុមហ៊ុនធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអ៊ីនធើណេតមួយនេះ ក្លាយជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មឯកជនទី២ របស់សហរដ្ឋអាមេរិក ដែលមានតម្លៃរហូតដល់១លានលានដុល្លារ បន្ទាប់ពីក្រុមហ៊ុន Apple, នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៤ ខែកញ្ញានេះ។
ភាគហ៊ុននៃក្រុមហ៊ុន Amazon បានកើនឡើងជិត២ភាគរយ រហូតដល់កម្រិតខ្ពស់ គឺមួយភាគហ៊ុន មានតម្លៃ២,០៥០.៥០ដុល្លារអាមេរិក នៅក្នុងការជួញដូរ នាព្រឹកនេះ។ ភាគហ៊ុន ត្រូវការតែតម្លៃ២,០៥០.២៧ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយភាគហ៊ុន ដើម្បីឈានដល់តម្លៃទីផ្សារ ១លានលានដុល្លារអាមេរិក ដោយផ្អែកលើភាគហ៊ុនចំនួន៤៨៧,៧៤១,១៨៩។
ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជាង៧០ភាគរយ នៅក្នុងឆ្នាំ២០១៨នេះ ហើយបានកើនឡើងជាងទ្វេរដង នៅក្នុងរយៈពេល១២ខែ ចុងក្រោយនេះ។
គួររំលឹកថា ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេ នៅលើពិភពលោក ដែលមានតម្លៃឈានដល់ ១លានលានដុល្លារអាមេរិក កាលពីដើមខែសីហាកន្លងទៅ៕