(គូឡាឡាំពួរ)៖ គម្រោងសាងសង់ទីក្រុងដែនកោះ ដែលមានតម្លៃ ១០០ពាន់លានដុល្លារ របស់ម៉ាឡេស៊ីត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ខណៈរដ្ឋាភិបាលថ្មីកំពុងត្រួតពិនិត្យលើរាល់គំរោង ដែលមានពាក់ព័ន្ធនឹងចិនក្រោម រដ្ឋាភិបាលនៃអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
គំរោងដ៏មានមហិច្ឆិតានេះ ដែលនឹងផ្ដល់ការស្នាក់នៅដល់ប្រជាជនជាង ៧០០,០០០នាក់ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣៥ ហើយវាត្រូវបានអភិវឌ្ឍន៍ដោយក្រុមអចលនទ្រព្យ Country Garden មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងសហការជាមួយក្រុមហ៊ុនមួយ ដែលគ្រប់គ្រងដោយអ្នកជំនួញម៉ាឡេស៊ី ជាប់សែស្រឡាយរាវង្ស ស៊ុលតង់ (Sultan) ដ៏មានឥទ្ធិពលម្នាក់។
ក៏ប៉ុន្តែគំរោងអភិវឌ្ឍនេះ ដែលមានសាលារៀនលំដាប់អន្តរជាតិ ផ្សារទំនើប និងសណ្ឋាគារជាដើម បែរជាកំពុងជួបបញ្ហាទៅវិញ ជាពិសេសទាក់ ទនឹងនឹងផលប៉ះពាល់ដល់បរិស្ថាន ព្រមទាំងការត្រួតពិនិត្យឡើងវិញនូវគំរោងដែលមានចិនចូលរួម ដើម្បីទប់ស្កាត់ឥទ្ធិពល និងការដណ្ដើមទីផ្សារការងារនៅក្នុងប្រទេសម៉ាឡេស៊ីពីសំណាក់ជនជាតិចិន។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញបរិស្ថានជាច្រើនបានព្រមានថា គំរោងសាងសង់ទីក្រុងដែនកោះ ឬ Forest City របស់រដ្ឋាភិបាលម៉ាឡេស៊ីនៅឯភាគខាងត្បូងនៃប្រទេស អាចនឹងបង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់ទឹកសមុទ្រ ជាពិសេសគឺជីវិតសត្វរស់នៅក្នុងសមុទ្រតែម្ដង៕