(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ហ្វាស (Fars) បានរាយការណ៍ថា យោធាអ៊ីស្រាអែលកំពុងរៀបចំផែនការ បង្កើនការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងស៊ីរី ជាពិសេសគឺមូលដ្ឋានរបស់កងជីវពលអ៊ីរ៉ង់ ដែលកំពុងតស៊ូប្រយុទ្ធគាំទ្រដល់រដ្ឋាភិបាលនៃប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាសាដ នៅអនាគតដ៏ខ្លីខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Fars ធ្វើឡើងក្រោយរដ្ឋមន្ត្រីស៊ើបការណ៍សំងាត់អ៊ីស្រាអែលលោក យីស្រាអែល ខេតស៍ (Yisrael Katz) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងសប្ដាហ៍នេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរីមានការកើនឡើង។ លោក Yisrael Katz បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថា ក្នុងរយៈពេល ពីរឆ្នាំចុងក្រោយនេះ យើងបានបើកការវាយប្រហារតាមផ្លូវអាកាសច្រើនជាង ២០០លើក នៅក្នុងប្រទេសស៊ីរី ជាពិសេសគឺលើមូលដ្ឋានយោធារបស់អ៊ីរ៉ង់តែម្ដង»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ថា កំពុងបង្កចលាចលនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល តាមរយៈការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។ បន្ថែមពីលើនេះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ិនយ៉ាមីន ណឺតាន់យ៉ាហ៊ូ ក៏បានព្រមានដែរថា អ៊ីស្រាអែលនឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ការរីកសាយឥទ្ធិពលអ៊ីរ៉ង់នៅក្នុងតំបន់៕