(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជែឡា មឺគែល (Angela Merkel) បានលើកឡើងថា កិច្ចចរចាស្តីពីដំណើរការដកខ្លួនរបស់ចក្រភពអង់គ្លេស ចេញពីសហភាពអឺរ៉ុប (EU) ឬ Brexit អាចនឹងត្រូវជាប់គាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
លោកស្រី Merkel ដែលនាពេលកន្លងមកនេះ ពុំសូវជាបានលូកដៃ ឬក៏និយាយពាក់ព័ន្ធជាមួយកិច្ចចរចារវាង EU និងអង់គ្លេសនោះ បានថ្លែងថា លោកស្រីមិនចង់ឃើញកិច្ចចរចាទាំងនេះទទួលបរាជ័យឡើយ ប៉ុន្តែក៏មិនអាចមានការធានាបានទាំងស្រុងថា វានឹងមិនកើតឡើងនោះដែរ ព្រោះថា មិនទាន់ឃើញមានលទ្ធផលជាក់លាក់អ្វីមួយនៅឡើយ។
គួរជម្រាបថា កិច្ចចរចាជុំចុងក្រោយបំផុតជុំវិញបញ្ហានេះ បានដាក់ចេញថា សហភាពអឺរ៉ុប ត្រូវការសេចក្តីថ្លែងការណ៍ដកខ្លួនចេញមួយ ដែលនឹងចែងពាក់ព័ន្ធនឹងសិទ្ធិរបស់ពលរដ្ឋ EU ព្រមទាំងប្រាក់លែងលះពី EU ចំនួន ៣៩ពាន់លានផោន (៥០ពាន់លានដុល្លារ) រួមនិងបទបញ្ញត្តិថ្មីសម្រាប់ព្រំដែនរបស់អៀរឡង់ ក៏ដូចជាសេចក្តីប្រកាសផ្នែកនយោបាយ ដែលស្តីពីកិច្ចព្រមព្រៀងនាពេលអនាគត ឲ្យបាននៅខែវិច្ឆិកាខាងមុខយ៉ាងយូរ។
EU និងចក្រភពអង់គ្លេស នៅមានឱកាសមួយចំនួនទៀតដើម្បីសម្រេចកិច្ចព្រមព្រៀង ក្នុងខែកញ្ញានេះនៅអូទ្រីស ព្រមទាំងនៅខែតុលា។ ដោយឡែកសម្រាប់ការពិភាក្សានៅ Chequers កាលពីប៉ុន្មានខែមុនវិញ គឺបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់សហភាពអឺរ៉ុប ប៉ុន្តែបានរងការរិះគន់យ៉ាងណាស់ដៃ ពីក្រុមមន្រ្តីក្នុងជួររដ្ឋាភិបាលអង់គ្លេស រហូតធ្វើឲ្យមន្រ្តីមួយចំនួនរបស់លោកស្រី Theresa May បានសម្រេចលាលែងពីតំណែង។
ចក្រភពអង់គ្លេសមានគោលដៅ ក្នុងការដកខ្លួនចេញឲ្យផុតពីសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ដោយឡែក EU បានគ្រោងបើកកិច្ចប្រជុំពិសេសមួយ នៅថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងករណីដែលពុំមានកិច្ចព្រមព្រៀងណាមួយ ត្រូវសម្រេចបាននាអំឡុងកិច្ចចរចាក្នុងខែកញ្ញានេះ និងនៅខែតុលាខាងមុខ៕