(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមានបិទរដ្ឋាភិបាលសហព័ន្ធ ដែលនេះគឺផ្ទុយទាំងស្រុងចំពោះការលើកឡើងរបស់លោកថា មិនចូលចិត្តគំនិតនៃការបិទដំណើរការ រដ្ឋាភិបាលសហព័ន្ធនោះឡើយកន្លងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «បើសិនជាវាកើតឡើងនោះវានឹងកើតឡើង ហើយបើសិនជាវាពាក់ព័ន្ធនឹងសន្តិសុខព្រំដែន ខ្ញុំនឹងមិនធ្វើអ្វីទាំងអស់»។ ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅមុនពេលលោក ត្រូវជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសភាអាមេរិក ជុំវិញរបៀបរវារៈសភាសម្រាប់ប៉ុន្មានខែខាងមុខនេះ ក្នុងនោះរួមមានទាំងបង្កើនមូលនិធិសម្រាប់រដ្ឋាភិបាលសហព័ន្ធ ដែលនឹងត្រូវផុតកំណត់នៅត្រឹមថ្ងៃទី៣០ ខែកញ្ញានេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នសភាអាមេរិកកំពុងធ្វើការលើការអនុម័ត កញ្ចប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងចាប់នៅថ្ងៃ ទី០១ ខែតុលា។ ក៏ប៉ុន្តែលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងបង្ខំចិត្តបិទដំណើរការរដ្ឋាភិបាលសហព័ន្ធមួយផ្នែកនៅខែតុលា បើសិនជាលោកជំទាស់នឹងច្បាប់ស្ដីពីកញ្ចប់ថវិកានេះ៕