(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចែករំលែកការយល់ឃើញរបស់លោក លើការធ្វើពាណិជ្ជកម្មពិភពលោក ជាពិសេសគឺសម្លឹងមើលទៅលើជប៉ុនដោយនិយាយថា ទំនាក់ទំនងដ៏រឹងមាំរបស់ទីក្រុង វ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូ អាចនឹងត្រូវបញ្ចប់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមនិពន្ធនាយកសារព័ត៌មាន Wall Street Journal លោក ចេមស៍ ហ្វ្រីមែន (James Freeman) បានលើកឡើងបែបនេះ ប្រាប់លោកនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍។ លោក Freeman គូសបញ្ជាក់យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ខ្ញុំថា ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូ មានភាពរឹងមាំបំផុត... ប៉ុន្តែ លោកក៏បានអះអាងដែរថា ទំនាក់ទំនងនេះអាចនឹងត្រូវបញ្ចប់ភ្លាមៗ បើសិនជាលោកប្រាប់ជប៉ុនថា ពួកគេត្រូវចំណាយលុយប៉ុន្មាន»។
គួរបញ្ជាក់ថា បើតាមលោក James Freeman លោក ដូណាល់ ត្រាំ កំពុងផ្ដោតសំខាន់លើកាត់បន្ថយឱនភាព ពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាដៃគូ ក្នុងនោះរួមមានទាំងជប៉ុន ដែលលោកចោទថា បានធ្វើពាណិជ្ជកម្មមិនត្រឹម ត្រូវដោយសារតែឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយទីក្រុងតូក្យូមានរហូតដល់ ៤០ពាន់លានដុល្លារ កាលពីខែកក្កដាកន្លងទៅ ខណៈលោកជម្រុញឱ្យជប៉ុនទិញផលិតផល ឬអាវុធបន្ថែមពីអាមេរិក៕