(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនឹងប្រារព្ធខួបលើកទី ៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង នៅថ្ងៃអាទិត្យខាងមុខនេះ ជាមួយការរំពឹងខ្ពស់ថា លោក គីម ជុងអ៊ុន នឹងប្រើប្រាស់ខួបលើកនេះ ដើម្បីបង្ហាញប្រាប់ពិភពលោកថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ហើយដូច្នេះបច្ចុប្បន្នគឺជាពេលវេលាអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ដារទំនាក់ទំនងជាមួយអន្តរជាតិឡើងវិញ។ បន្ថែមពីលើ នេះអ្នកជំនាញមួយចំនួនក៏បានសន្និដ្ឋានដែរ មេដឹកនាំកូរ៉េខាងជើង នឹងប្រើប្រាស់ឱកាសដ៏ល្អនេះ ដើម្បីរកប្រាក់ចំណូលពីភ្ញៀវទេសចរអន្តរជាតិ និងអ្នកសារព័ត៌មាន។
* ប្រាក់ចំណូលបានមកពីភ្ញៀវទេសចរ
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ជើងហោះហើរមួយរបស់ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo ពីទីក្រុង ប៉េកាំងឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាង ត្រូវបានគេកក់ពេញអស់ទៅហើយ ក្នុងនោះភាគច្រើនគឺជាភ្ញៀវទេសចរ និងប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីចូលរួមទស្សនា និងផ្តិតយករូបភាពនៅក្នុងការសម្ដែងរបស់ប្រជានជនកូរ៉េខាងជើងជាង ១០០,០០០នាក់ នៅឯទីលាន គីម អ៊ីលស៊ុង (Kim Il Sung) ក្នុងទីក្រុងព្យុងយ៉ាង។
ដោយឡែកលោក ស៊ីម៉ុន ខុកខឺរែល (Simon Cockerell) ជាទីភ្នាក់ងារទេសចរណ៍សម្រាប់ Air Koryo ក៏បានឱ្យដឹងដែរថា សំបុត្រចូលរួមក្នុងពិធីរំលឹកខួបបែបនេះកាលពីឆ្នាំមុន មានតម្លៃ ៣០០អឺរ៉ូ (៣៥០ដុល្លារ)។ ប៉ុន្តែនៅក្នុងឆ្នាំនេះ សំបុត្រចូលរួមទស្សនាមានតម្លៃរហូតដល់ទៅ ៨០០អឺរ៉ូ ឯណោះសម្រាប់កន្លែង VIP។ មួយវិញទៀត បើតាមវិទ្យាសា្ថន (Korea Maritime Institute) ភ្ញៀវទេសចរបរទេស បានផ្ដល់ប្រាក់ចំណូល ៤៤លានដុល្លារ ក្នុងមួយឆ្នាំដល់របបដឹនាំទីក្រុងព្យុងយ៉ាង ក្នុងនោះភ្ញៀវទេសចរចិនស្មើនឹង ៨០ភាគរយ នៃភ្ញៀវទេសចរបរទេស។
* ការសម្ដែងព្យុហយាត្រាយោធា
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងកូរ៉េខាងត្បូងបានរាយការណ៍ជាបន្តបន្ទាប់កាលពីសប្ដាហ៍មុនថា កូរ៉េខាងជើងទំនងជាអាចនឹងធ្វើ ព្យុហយាត្រាយោធា នៅអំឡុងប្រារព្ធខួបលើកទី ៧០ នៃថ្ងៃបង្កើតកូរ៉េខាងជើង។ លើសពីនេះទៅទៀត បើទោះជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ក៏ដោយ ក៏គេធ្លាប់ដឹងមកហើយថា ទីក្រុងព្យុងយ៉ាងតែងតែយកឱកាស នៃការប្រារព្ធពិធីបុណ្យជាតិរបស់ខ្លួន ដើម្បីបង្ហាញសព្វាវុធទំនើបៗ ឱ្យពិភពលោកបានឃើញជាពិសេសគឺសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមគេហទំព័រអាមេរិក 38 North ដែលជំនាញខាងតាមដានសកម្មភាពកូរ៉េខាងជើងបានអះអាងថា រូបភាពថត ដោយផ្កាយរណបជាច្រើនបានបង្ហាញថា កូរ៉េខាងជើង អាចនឹងរៀបចំការធ្វើព្យុហយាត្រាយោធា ក្នុងទ្រង់ទ្រាយធំជាងឆ្នាំមុនៗទៅទៀត៕
ប្រភព៖ Reuters