(ប៊ែរឡាំង)៖ អាល្លឺម៉ង់អាចនឹងចូលរួមក្នុងប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាសជាមួយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បើសិនជាកងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រើប្រាស់អាវុធគីមីសាជាថ្មី ប្រឆាំងនឹងជនស៊ីវិលនៅក្នុងខេត្ត អ៊ីដលីព (Idlib)។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានអាល្លឺម៉ង់ បាល (Bild) បច្ចុប្បន្នក្រសួងការពារជាតិអាល្លឺម៉ង់ កំពុងពិចារណាលើជម្រើសក្នុងការចាត់វិធានការឆ្លើយតប នៅក្នុងករណីដែលកងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រើប្រាស់អាវុធគីមីប្រឆាំងនឹងជនស៊ីវិលសាជាថ្មី ហើយនៅក្នុងចំណាត់ការនោះ ទៀតសោតក៏អាចនឹងមានផងដែរ នូវការប្រើប្រាស់យន្ដហោះចម្បាំង ថូណាដូ (Tornado) វាយប្រហារលើកងកម្លាំងរដ្ឋាភិបាលលោក បាស្សា អាល់ អាសាដ។
គួរជម្រាបថា ក្រសួងការពារជាតិរុស្ស៊ីបានអះអាងជាច្រើនដងថា ក្រុមភេរវករ Tahrir al-Sham អាចនឹងដឹកនាំការវាយប្រហារដោយអាវុធគីមី នៅក្នុងខេត្ត Idlib នៅពេលណាមួយ ដើម្បីទម្លាក់កំហុសលើកងកម្លាំងរដ្ឋាភិបាលស៊ីរី។ មិនតែប៉ុណ្ណោះ សូម្បីតែលោកស្រីអធិការបតីអាល្លឺម៉ង់ អាន់ជែលឡា មឺគែល ក៏ធ្លាប់លើកឡើងដែរថា អាល្លឺម៉ង់នឹងមិនចូលរួមក្នុងប្រតិបត្តិការយោធានៅស៊ីរីនោះទេ ខណៈលោកស្រីបានបង្ហាញការគាំទ្រ ដល់ប្រតិបត្តិការយោធារបស់រុស្ស៊ី ប្រឆាំងនឹងពួកភេរវករនៅក្នុងខេត្ត Idlib៕