(អ៊ីស្យូពី)៖ ផ្លូវរថភ្លើងអ៊ីស្យូពី-ឌីជីប៊ូទី ដែលផ្តល់ថវិកាដោយប្រទេសចិន បានជួយលើកស្ទួយកំណើនសេដ្ឋកិច្ច ប្រទេសអ៊ីស្យូពី និងការធ្វើពាណិជ្ជកម្ម ក្នុងតំបន់របស់ប្រទេសនេះ។ នេះបើយោងតាមអគ្គលេខាសភាពាណិជ្ជកម្ម ប្រទេសអ៊ីស្យូពី។
ផ្លូវដែក អ៊ីស្យូពី-ឌីជីប៊ូទី ដែលមានប្រវែង៧៥៦គីឡូម៉ែតនេះ គឺជាផ្លូវរថភ្លើងទំនើបដែលដើរដោយថាមពលអគ្គីសនីដំបូងគេបង្អស់ នៅតំបន់អាហ្វ្រិកខាងកើត។ វាត្រូវបានសាងសង់ឡើងដោយចំណាយប្រាក់វិនិយោគសរុបចំនួន៤ពាន់លានដុល្លារអាមេរិក ពីរដ្ឋាភិបាលប្រទេសចិន។ កំណាត់ផ្លូវដែកនៅក្នុងទឹកដីប្រទេសអ៊ីស្យូពី ត្រូវចំណាយអស់៣,៤០០លានដុល្លារអាមេរិក។ ក្នុងនោះ ថវិកា៧០ភាគរយ គឺបានមកពីធនាគារ អ៊ីចស៊ីម (Exim) របស់ប្រទេសចិន ហើយ៣០ភាគរយទៀត គឺជាថវិការបស់រដ្ឋាភិបាលអ៊ីស្យូពី។
ផ្លូវដែកនេះ ផ្តល់សេវាដឹកអ្នកដំណើរផង និងដឹកទំនិញផង ពីរដ្ឋធានី អាឌីស អាបាបា របស់អ៊ីស្យូពី ទៅកាន់ប្រទេស ឌីជីប៊ូទី។ ផ្លូវរថភ្លើងនេះ ដើរតួនាទីដ៏សំខាន់សម្រាប់ជំនួយដល់លំហូរអាជីវកម្ម ដោយសារប្រទេសអ៊ីស្យូពី ពឹងផ្អែកយ៉ាងខ្លាំងលើកំពង់ផែរបស់ប្រទេស ឌីជីប៊ូទី ដើម្បីនាំចេញនិងនាំចូលទំនិញ ដល់ទៅជាង៩០%ឯណោះ។ មុនពេលមានផ្លូវដែកនេះ ការដឹកជញ្ជូនត្រូវចំណាយពេល៣ថ្ងៃ។ តែឥឡូវ វាធ្លាក់មកសល់ មិនដល់មួយថ្ងៃផង។
ក្រៅពីជួយដល់វិស័យដឹកជញ្ជូនទៅ រដ្ឋាភិបាលប្រទេសអ៊ីស្យូពី ក៏សង្ឃឹមថា គម្រោងផ្លូវដែកនេះ នឹងលើកស្ទួយដល់វិស័យផលិតរបស់ជាតិផងដែរ ហើយរដ្ឋាភិបាលនេះ មានផែនការចង់បង្កើតបណ្តុំតំបន់អភិវឌ្ឍសេដ្ឋកិច្ចថ្មីៗចំនួន១៤ទីតាំង នៅតាមបណ្តោយផ្លូវរថភ្លើងនេះ។
លោក អង់ដាល់កាឈូ ស៊ីម អគ្គលេខាធិការ សភាពាណិជ្ជកម្មប្រទេសអ៊ីស្យូពី និយាយថា «ការតភ្ជាប់រដ្ឋធានីអាឌីស និងប្រទេសឌីជីប៊ូទី តាមរយៈផ្លូវរថភ្លើងនេះ គឺជាចំនុចខ្លាំង ឬ ជាឱកាសដែលតំបន់អភិវឌ្ឍសេដ្ឋកិច្ចទាំងនោះ គួរតែយកមកប្រើ។ ដូច្នេះ លំហូរសេដ្ឋកិច្ចទាំងមូល ដូចដែលយើងឃើញសព្វថ្ងៃនេះ គឺមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ជាមួយនឹងប្រព័ន្ធដឹកជញ្ជូនដ៏មានប្រសិទ្ធភាព ដែលគេត្រូវការប្រើដើម្បីធ្វើពាណិជ្ជកម្មឆ្លងប្រទេស។
គួបផ្សំវាជាមួយនឹងវិធានការផ្សេងៗទៀតរបស់រដ្ឋាភិបាល ដូចជាការធ្វើឱ្យរូបិយបណ្ណជាតិចុះថោក កាលពីឆ្នាំ២០១៧កន្លងទៅ សេដ្ឋកិច្ចវិទូជាច្រើន និយាយថា គម្រោងផ្លូវរថភ្លើងនេះ នឹងជំរុញឱ្យមានការអភិវឌ្ឍ ។
លោក ជេមស៍ វ៉ាគាហ្កា ទីប្រឹក្សាសេដ្ឋកិច្ច អង្គការUNDPប្រចាំប្រទេសអ៊ីស្យូពី និយាយថា «ការវិនិយោគដែលគេកំពុងធ្វើ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ គឺជារឿងសំខាន់សម្រាប់ទាក់ទាញការវិនិយោគជាដុំកំភួន ដែលបង្កើតបានជាការងារសមរម្យ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសគឺយុវជនតែម្តង ដែលរៀនចប់ថ្នាក់បរិញ្ញា ឬរៀនចប់ពីវិទ្យាស្ថានបច្ចេកទេសផ្សេងៗ ដែលវិនិយោគិនទាំងឡាយ ត្រូវការជ្រើសរើសដើម្បីមកបំពេញការងារ»។
ប្រទេសអ៊ីស្យូពី ក៏សង្ឃឹមថា គម្រោងផ្លូវដែកនេះ នឹងជួយឱ្យប្រទេសនេះទទួលបានផលប្រយោជន៍ពីការផ្ទេរចំណេះដឹង ផ្នែកបច្ចេកវិទ្យាផងដែរ។ អ្នកជំនាញជនជាតិចិន កំពុងចូលរួមបណ្តុះបណ្តាលបុគ្គលិកជនជាតិអ៊ីស្យូពី អំពីជំនាញផ្នែកប្រតិបត្តិការជាច្រើនជំនាញ ដើម្បីជួយឱ្យពួកគេអាចផ្ទេរការងារគ្រប់គ្រងផ្លូវរថភ្លើងនេះ ដោយរលូន ទៅថ្ងៃមុខ៕ (សារព័ត៌មាន CCTV របស់ចិន)