(វ៉ាស៊ីនតោន)៖ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីចំនួនពីរគ្រឿង ត្រូវបានយន្តហោះចម្បាំងអាមេរិកប្រភេទ F-22 ចាប់សញ្ញាបានថា បានធ្វើដំណើរមកក្បែររដ្ឋអាឡាស្កា ភាគឦសានសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីខាងលើនេះ គឺត្រូវបានយោធាសហរដ្ឋអាមេរិកអះអាងថា ជាប្រភេទ Tu-95 bombers មានចំនួនពីរគ្រឿង នឹងត្រូវអមរក្បួនដំណើរដោយយន្តហោះចម្បាំងពីរគ្រឿងទៀតប្រភេទ Su-35។ យន្តហោះទាំងនេះត្រូវបានយន្តហោះចម្បាំងអាមេរិកចាប់សញ្ញាបាន កាលពីវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) និងបញ្ជូនដំណឹងនេះ ទៅកាន់កងកម្លាំងនៃបញ្ជាការដ្ឋានទ័ពអាកាស ប្រចាំតំបន់អាមេរិកខាងត្បូង។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់យោធាអាមេរិក យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែករបស់រុស្ស៊ី មិនបានចូលមកក្នុងដែនអាកាសអាមេរិក ឬក៏កាណាដានោះឡើយ ដោយគ្រាន់តែបានហោះមកក្បែរៗដែនអាកាសរដ្ឋអាឡាស្កាតែប៉ុណ្ណោះ។ ដោយឡែកកាលពីខែឧសភាកន្លងទៅនេះ ក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 និង Tu-142 ត្រូវបានរារាំងដោយយន្តហោះចម្បាំងអាមេរិក F-22 នៅដែលខ្លួនហោះហើរនៅលើដែនទឹកអន្តរជាតិ នៃមហាសមុទ្រអាក់ទិក ប៉ុន្តែសហរដ្ឋអាមេរិកបានជំទាស់ការចោទប្រកាន់នេះ៕