(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍រដ្ឋចិននាពេលថ្មីៗនេះ បានចេញផ្សាយនូវកម្មវិធីមួយ បង្ហាញពីវិធីសាស្ត្រដែលក្រុមមន្ត្រីចារកម្មតៃវ៉ាន់ ប្រើប្រាស់ក្នុងការទាក់ទាញចិត្តនិស្សិតចិន ដែលកំពុងសិក្សានៅកោះតៃវ៉ាន់ ដើម្បីអាចជ្រើសរើសពួកគេជាទីភ្នាក់ងារស៊ើបការណ៍សំងាត់ ប្រឆាំងនឹងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
សារព័ត៌មាន Sputnik ដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស the Guardian បានបញ្ជាក់ទៀតថា ទីភ្នាក់ងារចារកម្មតៃវ៉ាន់បានប្រើប្រាស់វិធីទាក់ទាញចិត្តនិស្សិតចិន ជាមួយការផ្ដល់លុយកាក់ ស្នេហា និងមិត្តភាពជាដើម។ លើសពីនេះទៅទៀត អាជ្ញាធរចិន ក៏បានចោទប្រកាន់កោះតៃវ៉ាន់ផងដែរថា កំពុងប្រឹងប្រែងលួចព័ត៌មានសំងាត់របស់ចិន ក្នុងគោលបំណងបង្កចលាចល និងគំរាមកំហែងរដ្ឋាភិបាលទីក្រុងប៉េកាំង។
គួរជម្រាបថា កាលពីឆ្នាំ២០១៧ អាជ្ញាធរតៃវ៉ាន់ធ្លាប់បានកាត់ទោសនិស្សិតចិនម្នាក់ ដាក់ពន្ធនាគារ ពីបទបង្កើតបណ្ដាញចារកម្ម នៅលើកោះតៃវ៉ាន់ និងប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួននៅក្នុងសាលារៀន និងស្ថាប័នមួយរបស់រដ្ឋាភិបាលតៃវ៉ាន់ ដើម្បីប្រមូលព័ត៌មានសំងាត់។ តែយ៉ាងណាក៏ដោយ និស្សិតចិននៅតែត្រូវបានអនុញ្ញាតឱ្យបន្តការសិក្សានៅកោះតៃវ៉ាន់ដដែល ចាប់តាំងពីឆ្នាំ២០០៩ មកម្ល៉េះ៕