(ម៉ាឌ្រីត)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ផេដ្រូ សាច់ឆែស (Pedro Sanchez) បាននិយាយថា ទំនាក់ទំនងទាំងអស់រវាងអេស្ប៉ាញ និងអារ៉ាប៊ីសាអូឌីត អាចនឹងត្រូវរង្គោះរង្គើរ បើសិនជាទីក្រុងម៉ាឌ្រីតមិនព្រមលក់បរិក្ខាយោធាឱ្យទីក្រុងរីយ៉ាដ តាមការសន្យាទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
លោក Sanchez បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «រដ្ឋាភិបាលអេស្ប៉ាញបច្ចុប្បន្ន អាចនឹងត្រូវប្រឈមមុខនឹងការផ្ដាច់រាល់ទំនាក់ទំនងទាំងអស់ ក្នុងនោះរួមមានទាំង ពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយជាមួយអារ៉ាប៊ីសាអូឌីត បើសិនជាកិច្ចសន្យា របស់រដ្ឋាភិបាលមុនជាមួយអារ៉ាប៊ីសាអូឌីត ត្រូវបានលុបចោល»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Pedro Sanchez ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ កាលពីខែកញ្ញាកន្លងទៅនេះថា អេស្ប៉ាញអាចនឹងលុបចោលគំរោងលក់គ្រាប់បែក បំពាក់ប្រព័ន្ធឡាស៊ែរជាង ៤០០គ្រាប់ ឱ្យទីក្រុងរីយ៉ាដ ដោយសារតែការរិះគន់ យ៉ាងខ្លំាងពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្សជុំវិញប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយ៉េមែន។ អារ៉ាប៊ីសាអូឌីត និងអេស្ប៉ាញបានចុះកិច្ចព្រមព្រៀង លើការទិញគ្រាប់បែកនេះកាលពីឆ្នាំ២០១៥៕