(ប៉េកាំង)៖ ការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់កំពូលតារាសម្ដែងចិន អ្នកនាង ហ្វាន ពីងពីង (Fan Bingbing) នៅតែជាមន្ទិលសង្ស័យសម្រាប់អ្នកគំាទ្ររបស់អ្នកនាង ខណៈមានពាក្យចរចាមអារ៉ាមជាច្រើនថា កំពូលតារាសម្ដែងរូបនេះត្រូវបានអាជ្ញាធរចិនចាប់ខ្លួនពីបទគេចពន្ធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
អ្នកនាង Fan Bingbing មិនបានបង្ហាញខ្លួនជាសាធារណៈ តាំងតែពីខែមិថុនាមកម្ល៉េះ ពោលគឺបន្ទាប់ពីអ្នកនាងបានបង្ហោះរូបភាព នៅលើបណ្ដាញទំនាក់ទំនងសង្គមថា អ្នកនាងបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យកុមារមួយកន្លែង ស្ថិតនៅក្នុងតំបន់ទីបេ។ បន្ថែមពីលើនេះ អត្ថបទមួយចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Securities Daily កាលពីថ្ងៃទី០៦ ខែកញ្ញា ហើយដែលក្រោយមកត្រូវបាន លុបចោលវិញភ្លាមៗបានអះអាងថា អ្នកនាង Fan កំពុងស្ថិតនៅក្រោមការឃ្លាំមើលរបស់អាជ្ញាធរចិន និងកំពុងប្រឈមមុខការកាត់ទោសពីបទគេចពន្ធ។
ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់មានការចេញផ្សាយព័ត៌មានណាមួយ ពាក់ព័ន្ធនឹងទីកន្លែងដែលអ្នកនាង Fan កំពុងស្ថិតនៅ ឬក៏អាចមានសាលក្រមកាត់ទោសណាមួយ បានកាត់ទោសនាងរួចទៅហើយនោះនៅឡើយទេ។
គួរបញ្ជាក់ថា ឆ្នាំ២០១១ សិល្បៈករដ៏ល្បីម្នាក់ គឺលោក អៃ វៃវៃ (Ai Weiwei) ត្រូវបានអាជ្ញាធរចិនឃុំខ្លួនរយៈពេលជិត ០៣ខែ ក្រោយមានសេចក្ដីរាយការណ៍ថា លោកបានបាត់ខ្លួនដោយអាថ៌កំបាំង។ ប៉ុន្តែ ក្រោយមកលោកត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោកយល់ព្រមចុះហត្ថលេខាផ្ដល់សម្បទាន ឱ្យអាជ្ញាធរដែលចោទថា លោកគេចវេសមិនបងពន្ធ៕