(ព្យុងយ៉ាង)៖ ទីបំផុតប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមកិច្ចចរចាជុំទី ១ ហើយនៅថ្ងៃអង្គារនេះ ក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី ៣ ដែលមានគោលបំណងសម្របសម្រួល ត្រួសត្រាយផ្លូវឱ្យមានការចាប់ផ្ដើមឡើងវិញ នូវកិច្ចពិភាក្សាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េរវាងលោក គីម និងលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក មូន ជែអ៊ីន ដែលបានទៅដល ទីក្រុងព្យុងយ៉ាងនៅម៉ោង ១០៖០០នាទីព្រឹកមិញនេះ តាមជើងហោះហើរដោយផ្ទាល់ចេញពីទីក្រុងសេអ៊ូល បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទី ៣ ក្នុងប្រវត្តិសាស្ត្រកូរ៉េ ដែលបានបំពេញដំណើរទស្សនកិច្ច នៅក្នុងរដ្ឋធានីនៃប្រទេសកូរ៉េខាងជើង។ ចំណែកឯ កិច្ចចរចាជុំទី ១ រវាងលោក មូន និងលោក គីម កំពុងធ្វើឡើងនៅឯទីស្នាក់ការកណ្ដាល នៃគណកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ហើយមិនតែប៉ុណ្ណោះបើតាមមន្ត្រីកូរ៉េខាងត្បូង នេះគឺជាលើកដំបូងបំផុតដែលលោក គីម ទទួលស្វាគមន៍មេដឹកនាំបរទេសនៅឯការិយាល័យនៃគណកម្មាធិការមជ្ឈិមបក្សពលករកូរ៉េបែបនេះ។
គួរបញ្ជាក់ថា កិច្ចចរចាជុំទី ២ រវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃពុធស្អែក រីឯលទ្ធផលនឹងត្រូវប្រកាសតាមរយៈសេចក្ដីថ្លែងការណ៍រួមមួយក្នុងទីក្រុងព្យុងយ៉ាង ខណៈលោក មូន នឹងត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕