(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំថានឹងភាពរីកចំរើននៅក្នុងកិច្ចចរចាលុប បំបាត់អាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ហើយលោកក៏បានអរគុណលោក មូន ជែអ៊ីន ផងដែរសម្រាប់ការជួយឱ្យលោក បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសិង្ហបុរីកាលពីខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅឯទីក្រុង ព្យុងយ៉ាង នៅថ្ងៃអង្គារនេះ។ ថ្លែងនាឱកាសនោះ លោក គីម បានគូសបញ្ជាក់ដូច្នេះថា៖«លោកប្រធានាធិបតីមូន បានជួយយើង ជាច្រើនក្នុងការស្វែងរកកិច្ចចរចាជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង...ហើយដោយសារតែការចូលរួមនេះ វាបាន ធ្វើឱ្យតំបន់ទាំងមូលមានស្ថេរភាព ខណៈភាពរីកចំរើន និងលទ្ធផលគួរជាទីគាប់ចិត្តនឹងលេចរូបរាងឡើង»។
សូមជម្រាបថា កិច្ចចរចាជុំទី ២ រវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃពុធស្អែក រីឯលទ្ធផល នឹងត្រូវប្រកាសតាមរយៈសេចក្ដីថ្លែងការណ៍រួមមួយក្នុងទីក្រុងព្យុងយ៉ាង។ លោក មូន នឹងត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយការរំពឹងខ្ពស់ថាជំនួបជាលើកទី០២រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំអាចនឹង ត្រូវធ្វើឡើងនៅពេលអនាគត៕