(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញមុខសាទរចំពោះសេចក្តីថ្លែងការណ៍រួមនៃរដ្ឋាភិបាលកូរ៉េខាងជើង និងខាងត្បូង ដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេល ០៣ថ្ងៃ របស់លោក មូន ជែអ៊ីន នៅរដ្ឋធានីព្យុងយ៉ាង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
នៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុង រដ្ឋាភិបាលប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងចេញសេចក្តីថ្លែងការណ៍រួម ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបញ្ហាយោធាផងដែរ។ ដោយមិនបង្អង់យូរ លោក ដូណាល់ ត្រាំ ដែលធ្លាប់ជួបមុខផ្ទាល់ជាមួយ លោក គីម កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនោះ ក៏បានបង្ហោះសារសម្តែងពីការត្រេកអរនិងសាទរភ្លាមៗ ចំពោះស្ថានការណ៍វិវឌ្ឍន៍យ៉ាងវិជ្ជមាននេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្តគ្រាប់រ៉ុក្កែតរបស់ខ្លួននៅតំបន់ ថុញខាន់នី (Tonchkhan-ni) ចោលទាំងស្រុង រួមជាមួយរោងចក្រនុយក្លេអ៊ែរនៅ យ៉ុនប្យុន (Yonbyon)។ បន្ថែមពីនេះលោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរបានឯកភាពគ្នាប្តេជ្ញាបង្កើនកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។
សម្រាប់កិច្ចព្រមព្រៀងយោធាវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដកកងទ័ពរៀងៗខ្លួនចេញពីតំបន់ព្រំដែនគ្មានយោធា Demilitarised Zone ហើយលែងឲ្យមានការកាន់អាវុធនៅក្នុងភូមិ ផាន់ម៉ុនចុម (Panmunjom) តទៀតឡើយ ព្រមទាំងបង្កើតតំបន់គ្មានការធ្វើសមយុទ្ធយោធាមួយថែមទៀត ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រលឿង និងសមុទ្រជប៉ុន (សមុទ្រខាងកើត) ។
ជាចុងក្រោយ ទីក្រុងសេអ៊ូល និងព្យុងយ៉ាងក៏បានព្រមព្រៀងបញ្ជូនក្រុមអត្តពលិករួមគ្នា ឲ្យទៅប្រកួតក្នុងកីឡាអូឡាំពិកឆ្នាំ២០២០ និងដាក់សំណើរួមដើម្បីសុំធ្វើជាម្ចាស់ផ្ទះ នៃកីឡាអន្តរជាតិនេះនៅឆ្នាំ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមានថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងបង្កើនទំនាក់ទំនងប្រសើរឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ ដែលសហគមន៍អន្តរជាតិចង់ឃើញជាយូរណាស់មកហើយ៕