(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាសាដ បានផ្ញើសារចូលរួមរំលែកទុក្ខដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីកងទ័ពអាកាសស៊ីរី ច្រឡំបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី Il-20 នៅក្នុងប្រទេសស៊ីរី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ដកស្រង់ដោយសារព័ត៌មាន Sputinik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA ផ្អែកលើការដកស្រង់សម្ដីរបស់លោក អាសាដ បានបញ្ជាក់ទៀតថា ប្រធានាធិបតីស៊ីរីរូបនេះបានបង្ហាញការសោកស្ដាយជាខ្លាំង ប៉ុន្តែលោកនៅតែអះអាងដដែលថា ការធ្លាក់យន្ដហោះយោធារុស្ស៊ី គឺបណ្ដាលមកពីសកម្មភាពបង្ករឿងរបស់អ៊ីស្រាអែល។
លោក អាសាដ បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំផ្ទាល់ និងប្រជាជនស៊ីរី ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាង ស្មោះស្ម័គ្រចំពោះការបាត់បង់អាយុជីវិតវិរៈបុរសយោធា នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះរុស្ស៊ី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងពួក ភេរវករនៅក្នុងប្រទេសស៊ីរី... ប៉ុន្តែឧប្បទ្ទវហេតុដ៏គួរឱ្យសោកសៅនេះ គឺបង្កឡើងដោយសកម្មភាពបង្ករឿងរបស់អ៊ីស្រាអែល»។
គួររំលឹកថា កាលពីថ្ងៃចន្ទកន្លងទៅ យន្ដហោះយោធារុស្ស៊ីធុន Il-20 មួយគ្រឿងបានធ្លាក់នៅក្បែរមូលដ្ឋានទ័ពអាកាសស៊ីរី Hmeymim ដោយផ្ដាច់អាយុជីវិតមនុស្សនៅលើនោះទាំងអស់ ១៥នាក់។ ចំណែកឯ រុស្ស៊ីក៏បានទទួលស្គាល់ដែរថា យន្ដហោះយោធានេះត្រូវបានយោធាស៊ីរី បាញ់ទម្លាក់ដោយភ័ន្តច្រឡំ នៅចំពេលយន្ដហោះចម្បាំងអ៊ីស្រាអែល កំពុងវាយប្រហារលើមូលដ្ឋានទ័ពស៊ីរី ហើយលោក ពូទីន ផ្ទាល់បានចោទថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាការរំលោភលើដែនអធិបតេយ្យភាពស៊ីរី៕