(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្តែងការស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយទីក្រុងព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េនាថ្ងៃពុធម្សិលមិញនេះ ហើយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចចរចាភ្លាមៗតែម្តងដោយមិនបង្អង់យូរឡើយ ដើម្បីសម្រេចគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅឆ្នាំ២០២១។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
លោក Pompeo បានឲ្យដឹងថា រូបលោកទើបតែបានជជែកពិភាក្សាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង និងបានឆ្លៀតឱកាសអញ្ជើញសមភាគីកូរ៉េខាងជើងរបស់លោក ឲ្យមកជួបមុខគ្នាផ្ទាល់នៅឯទីក្រុងញូយ៉កនាសប្តាហ៍ក្រោយនេះ ក្នុងឱកាសនៃការបើកមហាសន្និបាតនៃអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍របស់លោក Pompeo ត្រូវបានធ្វើឡើងបន្ទាប់ពីប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមថានឹងធ្វើទស្សនកិច្ចជាប្រវត្តិសាស្រ្ត ទៅកាន់ទីក្រុងសេអ៊ូលនាពេលឆាប់ៗ ហើយព្រមបិទទីតាំងធ្វើតេស្តមីស៊ីល នៅចំពោះមុខក្រុមអ្នកត្រួតពិនិត្យអន្តរជាតិ ក្នុងជំនួបកំពូលលើកទីបីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅព្យុងយ៉ាង។
នៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុង រដ្ឋាភិបាលប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងចេញសេចក្តីថ្លែងការណ៍រួម ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបញ្ហាយោធាផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្តគ្រាប់រ៉ុក្កែតរបស់ខ្លួននៅតំបន់ ថុញខាន់នី (Tonchkhan-ni) ចោលទាំងស្រុង រួមជាមួយរោងចក្រនុយក្លេអ៊ែរនៅ យ៉ុនប្យុន (Yonbyon)។ បន្ថែមពីនេះលោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរបានឯកភាពគ្នាប្តេជ្ញាបង្កើនកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។
សម្រាប់កិច្ចព្រមព្រៀងយោធាវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដកកងទ័ពរៀងៗខ្លួនចេញពីតំបន់ព្រំដែនគ្មានយោធា Demilitarised Zone ហើយលែងឲ្យមានការកាន់អាវុធនៅក្នុងភូមិ ផាន់ម៉ុនចុម (Panmunjom) តទៀតឡើយ ព្រមទាំងបង្កើតតំបន់គ្មានការធ្វើសមយុទ្ធយោធាមួយថែមទៀត ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រលឿង និងសមុទ្រជប៉ុន (សមុទ្រខាងកើត) ។
ជាចុងក្រោយ ទីក្រុងសេអ៊ូល និងព្យុងយ៉ាងក៏បានព្រមព្រៀងបញ្ជូនក្រុមអត្តពលិករួមគ្នា ឲ្យទៅប្រកួតក្នុងកីឡាអូឡាំពិកឆ្នាំ២០២០ និងដាក់សំណើរួមដើម្បីសុំធ្វើជាម្ចាស់ផ្ទះ នៃកីឡាអន្តរជាតិនេះនៅឆ្នាំ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមានថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងបង្កើនទំនាក់ទំនងប្រសើរឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ ដែលសហគមន៍អន្តរជាតិចង់ឃើញជាយូរណាស់មកហើយ៕