(អ៊ីស្រាអែល)៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា មេបញ្ជាការកងទ័ពជើងអាកាសរបស់ខ្លួន នឹងដឹកនាំគណៈប្រតិភូមួយក្រុម ទៅកាន់ទីក្រុងម៉ូស្គូនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយពីមានករណីបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ីមួយគ្រឿង ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ១៥នាក់ នៅចំពេលមានការវាយប្រហារតាមផ្លូវអាកាសដោយអ៊ីស្រាអែលនៅប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានឲ្យដឹងថា មេបញ្ជាការទ័ពអាកាសអ៊ីស្រាអែល លោក អាមីខាំ ណ័រគីន (Amikam Norkin) និងប្រតិភូនឹងនាំយកទៅជាមួយនូវរបាយការណ៍លម្អិត គ្រប់ជ្រុងជ្រោយមួយ ស្តីពីហេតុការណ៍ខាងលើ។
ភ្លាមៗក្រោយការបាញ់ទម្លាក់យន្តហោះ មានការព្រួយបារម្ភថា ទំនាក់ទំនងប្រទេសទាំងពីរអាចនឹងធ្លាក់ចុះ ក្រោយពីខាងយោធារុស្ស៊ី បានបន្ទោសទៅលើភាគីអ៊ីស្រាអែល ប៉ុន្តែក្រោយពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញសេចក្តីថ្លែងការណ៍មួយទៀតថា ការបាញ់ទម្លាក់យន្តហោះខាងលើ គឺជារឿងហេតុចៃដន្យ ខណៈលោក Netanyahu ក៏បានចូលរួមសម្តែងការសោកស្តាយផងដែរ។
គួរជម្រាបថា យន្តហោះយោធាឈ្លបការណ៍ធុន Il-20 មួយគ្រឿងរបស់រុស្ស៊ី ត្រូវបានប្រព័ន្ធការពារដែនអាកាសស៊ីរី ដែលពេលនោះព្យាយាមទប់ទល់នឹងការវាយប្រហារដោយអ៊ីស្រាអែល ទៅលើក្រុង Latakia ច្រឡំបាញ់ទម្លាក់ នៅលើដែនសមុទ្រមេឌីទែរ៉ាណេ ហើយក្នុងកិច្ចពិភាក្សាជាមួយលោក ពូទីន លោក Netanyahu បានលើកឡើងថា ស៊ីរី គឺជាអ្នកមានកំហុសនៅក្នុងរឿងនេះ ខណៈលោក ពូទីន ផ្ទាល់ពុំបានបន្ទោសទៅលើភាគីណាមួយឡើយ ប៉ុន្តែស៊ីរីចោទថា វាជាកំហុសរបស់អ៊ីស្រាអែលសុទ្ធសាធ៕