(ឡុងដ៍)៖ អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក លីវ ហ្សាវមីង (Liu Xiaoming) បានអះអាងថា គ្មាននរណាម្នាក់អាចបំផ្លាញការប្ដេជា្ញចិត្តរបស់ទីក្រុងប៉េកាំងក្នុងការថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់បានឡើយ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកក៏បាន ព្រមានផងដែរចំពោះការប្រើប្រាស់សេរីភាព ដើម្បីបំផ្លាញសេរីភាពរបស់អ្នកដ៏ទៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
លោក Liu Xiaoming ធ្វើការកត់សម្គាល់បែបនេះនៅក្នុង (Commonwealth Diplomats Induction Program) បន្ទាប់ពីទីក្រុងប៉េកាំងចោទប្រកាន់នាវាចម្បាំងអង់គ្លេស HMS Albion ថាធ្វើនាវាចរណ៍ដោយគ្មានការអនុញ្ញាត នៅក្នុងដែនទឹកចិននៃតំបន់សមុទ្រចិនខាងត្បូង។
ថ្លែងនាឱកាសនោះ លោក Liu បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិនបានគោរពយ៉ាងខ្ជាប់ខ្ជួននូវសេរីភាពធ្វើនាវាចរ និងហោះហើរនៅឯតំបន់សមុទ្រចិនខាងត្បូង ស្របតាមច្បាប់អន្តរជាតិ... ក៏ប៉ុន្តែនេះមិនមែនមានន័យថា សេរីភាពនាវាចរគឺជាអាជ្ញាប័ណ្ណដែលអាចឱ្យនរណាម្នាក់ ធ្វើអ្វីគ្រប់យ៉ាងតាមតែទំនើងចិត្តនោះឡើយ ពោលគឺសេរីភាពដែលបំផ្លាញសេរីភាព នៃបណ្ដាប្រទេសដទៃគួរតែត្រូវបានបញ្ចប់ ហើយក៏គ្មាននរណាម្នាក់អាចបំផ្លាញការប្ដេជា្ញចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់បានឡើយ»។
គួរបញ្ជាក់ថា បើទោះជាមិនបានបញ្ជាក់ចំឈ្មោះតែគេមើលឃើញថា លោក Liu Xiaoming ចង់ផ្ញើសារទាំងនេះទៅកាន់អង់គ្លេស ជាពិសេសគឺសហរដ្ឋអាមេរិក ដែលតែងតែធ្វើសកម្មភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីលើកកម្ពស់សេរីភាពនាវាចរនៅក្នុងតំបន់៕