(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាននិយាយថាអ៉ីរ៉ង់គួរតែឆ្លុះកញ្ចក់មើល មុខខ្លួនឯងជាមុនសិន មុននឹងចោទប្រកាន់ថានរណាម្នាក់ជាអ្នកនៅពីក្រោយការបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ នៅអំឡុងពិធីព្យុហយាត្រាមួយ កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
លោក Haley ធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ដែលបានចោទប្រកាន់ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលថាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារសម្លាប់មនុស្ស២៩នាក់ និងរបួសជាង៦០នាក់ នៅក្នុងទីក្រុង Ahvaz។ ថ្លែងប្រាប់សារព័ត៌មាន CNN លោកស្រី Haley បានលើកឡើងដូច្នេះថា៖ «លោក រូហានី បានគាបសង្កត់ ប្រជាជនខ្លួនឯងអស់រយៈពេលជាយូរណាស់មកហើយ...គាត់អាចចោទប្រកាន់ពួកយើងតាមចិត្តរបស់គាត់។ ប៉ុន្តែអ្វីដែលគាត់ត្រូវធ្វើ នៅពេលនេះគឺគួរតែឆ្លុះកញ្ចក់មើលមុខខ្លួនឯងជាមុនសិន ថាតើមានមូលហេតុអ្វីជម្រុញឱ្យមានការវាយប្រហារនេះ»។
សូមជម្រាបថា លោក ហាសាន់ រូហានី នឹងត្រូវប្រឈមមុខជាមួយលោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ នាឱកាសចូលរួមក្នុង កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត ថ្លែងនៅមុនចេញដំណើរទៅកាន់ ទីក្រុងញូយ៉ក កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៉ីរ៉ង់រូបនេះ បានព្រមានថាសហរដ្ឋអាមេរិកស្ដាយក្រោយចំពោះអ្វីដែលខ្លួនបានធ្វើ ហើយថាអ៉ីរ៉ង់នឹងមិនលើកលែងឱ្យអ្នកមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារកាលពីសៅរ៍ជាដាច់ខាត បើទោះជាខ្មាន់កាំភ្លើងទាំង ០៤នាក់ត្រូវបានកងកម្លាំងអ៉ីរ៉ង់បាញ់សម្លាប់ក៏ដោយ៕