(ភ្នំពេញ)៖ លោកអ្នកប្រហែលជាគិតថា មានតែប្រាសាទពីរ៉ាមីតនៅអេហ្ស៉ីប ឬមហាកំពែងនៅចិន ឬវិមានក្រឹមឡាំងនៅរុស្ស៉ីនោះទេ ដែលជាសំណង់ធំៗជាងគេនៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែវាមិនដូច្នោះឡើយ ព្រោះមានសំណង់មួយទៀត ដែលធំជាងសំណង់បុរាណទាំងនេះទ្វេដង។ តើសំណង់ដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ គឺជាអ្វី មានទីតាំងនៅឯណា?

ចម្លើយគឺ Fresh Kills Landfill (ហ្វ្រេសឃីលស៍ លែនដ៍ហ្វីល) ដែលជាកោះសម្រាប់ចាក់សំរាមនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្រោយពីបើកឱ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៤៨ នោះមក កន្លែងចាក់សំរាម Fresh Kills Landfill ក៏ក្លាយជាគម្រោងមួយដែលមានទំហំធំបំផុតក្នុងប្រវត្តិសាស្រ្ត។ នៅទីបំផុត ក៏បានវ៉ាដាច់មហាកំពែងចិន ហើយក្លាយទៅជាសំណង់សាងសង់ដោយស្នាដៃមនុស្សដែលមានទំហំធំបំផុតលើពិភពលោក។

Fresh Kills Landfill មានផ្ទៃដីប្រមាណ ១២ គីឡូម៉ែត្រ។ ពេលបើកឱ្យដំណើរការការចាក់សំរាម មានទូកដឹកសំរាមចំនួន ២០ គ្រឿង ដោយក្នុងមួយគ្រឿងៗអាចផ្ទុកសំរាមបាន ៦៥០ តោន ដែលយកមកចាក់ចោលនៅទីនេះជារៀងរាល់ថ្ងៃ។

ប៉ុន្តែដោយសារតែសម្ពាធរបស់ប្រជាជននៅក្នុងមូលដ្ឋាន ទើបកន្លែងចាក់សំរាមមួយនេះត្រូវបិទ លែងឱ្យប្រើការនៅក្នុងឆ្នាំ២០០១។ មិនយូរប៉ុន្មាន កន្លែងនោះក៏ត្រូវបើកឱ្យប្រើម្តងទៀត ដើម្បីចាត់ការជាមួយគំនរសំណល់បាក់បែកជាច្រើនពីអគារពាណិជ្ជកម្មពិភពលោក (World Trade Center) ក្រោយមកក៏បានបិទជាស្ថាពរទៅវិញ។

បើយោងទៅតាមច្បាប់ថ្មី បានបញ្ញត្តិថានឹងគ្មានការបើកឱ្យប្រើប្រាស់ម្តងទៀតទេ គឺហាមមិនឱ្យមានកន្លែងចាក់សំរាមក្នុងក្រុងញូវយ៉ក។ បច្ចុប្បន្ន កន្លែងខាងលើត្រូវបានឈូសឱ្យរាបស្មើ ហើយកែលម្អបរិវេណជុំវិញឱ្យក្លាយជាសួនឧទ្យាន និងជាកន្លែងឱ្យសត្វព្រៃស្នាក់អាស្រ័យ។

ប្រសិនបើ Fresh Kills Landfill នៅតែបន្តបើកឱ្យប្រើតាមគម្រោងការដែលបានរៀបចំទុកនោះ វានឹងក្លាយជាតំបន់ដ៏ខ្ពស់បំផុតនៅជាយសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក។ តែទោះបីជាយ៉ាងណាក៏ដោយ នៅអំឡុងពេលដែលគេប្រើវាច្រើនបំផុត វាក៏មានកម្ពស់ខ្ពស់ជាងរូបសំណាក «ទេពីសេរីភាព» ដល់ទៅ ២៤ ម៉ែត្រស្រាប់ទៅហើយ៕